(មជ្ឈិមបូព៌ា)៖ សម្លេងបំផ្ទុះគ្រាប់បែកវាយប្រហារទៅលើមន្ទីរពេទ្យនៅក្នុងទីក្រុងហ្គាហ្សានៅតែបន្តនៅឡើយ ខណៈដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាម៉េរិក ចូបៃដិន ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល។ តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា តួលេខអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យអាចនឹងកើនឡើងដល់រាប់រយនាក់បន្ថែមទៀតនៅថ្ងៃពុធនេះ។
បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យភ្លាម ប្រមុខដឹកនំាអាជ្ញាធរជាតិបប៉ាឡេស្ទីន លោកម៉ាមុដអាបាស់ លុបចោលផែនការជំនួបជាមួយនឹងលោកប្រធានាធិបតីអាម៉េរិក ចូបៃដិន និងព្រះមហាក្សត្រអាប់ឌុលឡាហ៍របស់ប្រទេសហ្សកដង់។ សេតវិមានបាននិយាយថា លោកចូបៃដិន បានចុះចតនៅក្នុងទីក្រុងតែលអាវីវ ហើយនិងប្រទេសហ្សកដង់ សម្រាប់ដំណើរទស្សនកិច្ចរបស់លោករយៈពេល១ថ្ងៃ ប៉ុន្តែតាមសភាពជាក់ស្តែង លោកមកបំពេញទស្សនកិច្ចត្រឹមតែប្រទេសអ៊ីស្រាអ៊ែលតែមួយប៉ុណ្ណោះ។
មន្រ្តីសេតវិមានដដែលបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតីបានផ្ញើនូវសមានចិត្តកាន់ទុក្ខចំពោះការបាត់បង់ជីវិតជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យដែលគេបំផ្ទុះក្នុងទីក្រុងហ្គាហ្សា ដោយលោកបួងសួងសូមឱ្យជនដែលរងរបួសពីការវាយប្រហារនេះបានឆាប់ជាសះស្បើយឡើងវិញផងដែរ។ ពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យនេះដែរ ខាងក្រុមអាជ្ញាធរក្រុងហ្គាហ្សាបានលើកឡើងថា កងយោធាអ៊ីស្រាអ៊ែលគឺជាអ្នកទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យ ខណៈប្រទេសអ៊ីស្រាអ៊ែលបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។ ដោយយោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិដដែលបានលើកឡើងដែរថា ចំនួនអ្នកស្លាប់ចេញពីការបំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យក្រុងហ្គាហ្សាអាចនឹងកើនឡើងដល់៥០០នាក់។
គួររំលឹកផងដែរថា លោកចូបៃដិនបានចេញដំណើរពីរដ្ឋធានីវ៉ាស៊ីនតោនតំាងពីថ្ងៃអង្គារ ដែលគេមើលឃើញថាជាបេសកកម្មការទូតប្រកបដោយភាពស្មុគ្រស្មាញ ក្នុងគោលដៅដើម្បីបង្ហាញការគំាទ្រដល់សម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន ពោលគឺប្រទេសអ៊ីស្រាអ៊ែល ខណៈដែលប្រទសនេះកំពុងតែមានសង្គ្រាមជាមួយនឹងភាគីប៉ាឡេស្ទីន៕