(កសិកម្ម)៖ មន្ទីរកសិកម្មខេត្តសៀមរាប អះអាងថា គម្រោងASPIRE-AT ដែលបានអនុវត្តនៅក្នុងខេត្តសៀមរាប នឹងផ្តោតសំខាន់ទៅលើការជួយជ្រោមជ្រែងកសិកម្ម ដែលជាសមាជិកសហគមន៍កសិកម្ម ឱ្យទទួលបាន ផលប្រយោជន៍ជាច្រើន។ ដូច្នេះកសិករ ត្រូវចូលជាសមាជិកសហគមន៍ ទើបអាចទទួលបានសារប្រយោជន៍ ពីគម្រោងនេះ។ លោក ប៊ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងឆ្នាំ២០២៣នេះ មន្ទីរកសិកម្មខេត្តសៀមរាប ក្នុងចំណោមបណ្តាខេត្តមួយចំនួនទៀត នៅប្រទេសកម្ពុជា បានទទួលកម្មវិធី ASPIRE-AT ជាកម្មវិធីមួយ ដែលត្រូវបានអនុវត្តបន្តពីកម្មវិធីជំហានទីមួយ អនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
លោកថា កម្មវិធី ASPIRE-AT ថ្វីត្បិតមាន ឈ្មោះស្រដៀងនឹងកម្មវិធីអាស្ប៉ាយជំហានទីមួយ ប៉ុន្តែបើនិយាយអំពីលក្ខណៈសម្បត្តិនៃកម្មវិធីនេះ ត្រូវបានអនុវត្តខុសប្លែកពីគ្នា ដោយជំហានទីមួយផ្តោតទៅលើ ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាស ធាតុ រីឯកម្មវិធី ASPIRE-AT ដែលបានអនុវត្តក្នុងខេត្តសៀមរាប ចាប់ពីខែកញ្ញា ឆ្នាំ២០២៣តទៅ នឹងគាំទ្រទៅលើលទ្ធផល ដែលបានអនុវត្តក្នុងជំហានទីមួយ។ លោកបន្តថា ASPIRE-AT នៅក្នុងខេត្តសៀមរាប ផ្តោតសំខាន់ទៅលើខ្សែច្រវាក់ផលិតផលកសិកម្មចំនួនពីរ គឺផលិតបន្លែ និងមាន់ស្រែ ដែលជាផលិតផលទីផ្សារក្នុងស្រុក។
លោកបញ្ជាក់ទៀតថា កម្មវិធី ASPIRE-ATសម្រាប់ខេត្ត សៀម រាប ក្នុងឆ្នាំ២០២៣នេះ មានគម្រោងគាំទ្រទៅដល់កសិករ ដែលជាសមាជិកសហគមន៍ ក្នុងនោះមានសហគមន៍ដែលមានស្រាប់ និងគម្រោងបង្កើតសហគមន៍ថ្មី។ លោកថា នៅក្នុងខេត្តសៀមរាប មានសហគមន៍កសិកម្មសរុបចំនួន៤ ដោយមានសហគមន៍ផលិតបន្លែចំនួនពីរ មានសមាជិកចំនួន៤០០គ្រួសារ និងសហគមន៍ផលិតមាន់ស្រែចំនួនពីរ មានសមាជិកចំនួន៤០០គ្រួសារ។ បន្ថែមពីនេះ កម្មវិធី ASPIRE-AT គ្រោងនឹងចងក្រងជាសហគមន៍ចំនួន៤បន្ថែមទៀត។ លោកថា កសិករ ត្រូវចូលជាសមាជិកសហគមន៍កសិកម្ម ព្រោះថានៅពេលចូលជាសមាជិកសហគមន៍ហើយ ពួកគាត់នឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការពង្រឹងសមត្ថភាព បច្ចេកទេសកសិកម្ម ការរៀបចំផែនការទីផ្សារ និងការទទួលប្រាក់កម្ចី មកពង្រីកដើមទុនជាដើម។ អ្វីដែលកសិករក្នុងខេត្តសៀមរាបបានទទួល គឺទីមួយបានសហគមន៍មួយដែលរឹងមាំ ហើយមានផែនការអាជីវកម្មច្បាស់លាស់ ដោយខាងកម្មវិធីអាស្ប៉ាយនឹងមានអ្នកជំនាញជួយសហគមន៍ឱ្យចេះរៀបចំផែនការអាជីវកម្ម ហើយយើងនឹងផ្សារភ្ជាប់ផលិតផលរបស់គាត់ទៅកាន់ទីផ្សារតាមរយៈការរៀបចំឱ្យមានការជួបគ្នារវាងអ្នកទិញនិងអ្នកលក់ និងការផ្តល់ទុន។
តាមរយៈកម្ចីដែលមានលក្ខណៈសមស្រប អត្រាការប្រាក់សមរម្យ។ ហើយមួយទៀតកម្មវិធីនឹងផ្តល់នូវឃ្លាំង និងផ្លូវថ្នល់ ឬសម្ភារៈផ្សេងៗតាមកាលវិភាគ និងមានក្រុមចុះមកវាយតម្លៃ តាមសហគ្រាសឬសហគមន៍នីមួយៗជាក់ស្តែង ទៅអនាគតនិងពេលបច្ចុប្បន្នកសិករត្រូវតែចូលរួមជាសមាជិកសហគមន៍កសិកម្ម ដើម្បីផលប្រយោជន៍ពីកម្មវិធីគាំទ្រនានារបស់រាជរដ្ឋាភិបាល។សូមជម្រាបថា កម្មវិធីអាស្ប៉ាយ អេធី (ASPIRE-AT) ដែលមាន ឈ្មោះពេញជាកម្មវិធី គាំទ្រសេដ្ឋ កិច្ចជនបទ និងពាណិជ្ជកម្មផលិត ផលកសិកម្ម មានរយៈពេល៧ឆ្នាំដោយបានចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ ។ កម្មវិធីASPIRE-AT បានចាប់ផ្តើមពីខេត្តគោលដៅចំនួន ១៧ គឺខេត្ត បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងខេត្តព្រះសីហនុ ។ ក្នុងនោះសម្រាប់ខេត្តសៀមរាប កម្មវិធីអាស្ប៉ាយ អេធី (ASPIRE-AT) ចាប់ផ្តើមអនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ៕