អាហ្សូឡា (Azolla) គឺជាប្រភេទរុក្ខជាតិដែលដុះលើផ្ទៃទឹកមួយប្រភេទប្រហាក់ប្រហែលនឹងចកដែរ។ វាមានទំហំតូចអណ្ដែតលើផ្ទៃទឹក ហើយស្លឹករបស់វាជាជម្រករបស់បាក់តេរីឈ្មោះថា Anabenea ដែលមានតួនាទីចាប់យកអាសូតពីបរិយាកាសរួចផ្ដល់ឱ្យទៅដំណាំ និងចំណីសត្វដោយសារតែវាសម្បូរទៅដោយប្រូតេអ៊ីនអាស៊ីតអាមីណូសំខាន់វីតាមីន (វីតាមីន A, វីតាមីន B12, Beta Carotene), អន្តរការីនៃការលូតលាស់និងសារធាតុរ៉ែ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺការពង្រីកពូជរបស់វាលឿនហួសពីការរំពឹងទុក គឺត្រឹមតែរយះពេល ៣ ទៅ ៥ ថ្ងៃតែប៉ុននោះ វាអាចមានសមត្ថភាពបង្កើតកូនចៅគុណទ្វេដង។ម្យ៉ាទៀតអាសូឡាជាចំណីសម្រាប់(បក្សី ត្រី និងល្មូន)៖ ដូចជា ត្រី ទា មាន់ និងសត្វជាច្រើនទៀតដែលលោក អ្នកចិញ្ចឹមហើយអាសូឡាវាជួយបង្កើនអាស៊ីនអាមីណូ ដែលជាអាស៊ីនមានប្រយោជន៍សម្រាប់សត្វ ជួយដល់ក្រពេះ ពោះវៀន របស់សត្វនិងជួយបំលែងសារធាតុល្អុយរលួយដែលមាននៅក្នុងស្រះ ឬកន្លែងចិញ្ចឹមជួយប្រព័ន្ធរាង្គកាយសត្វអោយមានសុខភាពល្អ។
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានលើកឡើងថា លើពិភពលោកយើងនេះ ពូជអាហ្សូឡា មានចំនួន៧ប្រភេទ ដោយឡែកនៅក្នុងប្រទេសកម្ពុជានិងថៃ គេសង្កេតឃើញមានពូជអាហ្សួឡាតែ២ប្រភេទប៉ុណ្ណោះ ពោលគឺពូជអាហ្សូឡា ភីណាតា (Azolla Pinnata) គឺជាពូជដែលមានដើមកំណើតក្នុងស្រុកស្ថិតនៅតាមប្រភពទឹកស្ទឹង បឹងបួរ ទន្លេ… វាមានដើមល្អិតតូចនិងលូតលាស់យឺត។
មួយទៀត គឺពូជអាហ្សូឡា មីក្រូហ្វីឡា (Azolla Mycropjylla) គឺជាពូជដែលអ្នកវិទ្យាសាស្ត្របរទេសផ្សំបង្កាត់ពូជដើម្បីបម្រើដល់វិស័យកសិកម្ម។ វាមានដើមធំ លូតលាស់ឆាប់រហ័ស មានប្រូតេអ៊ីន និងមានសារធាតុចិញ្ចឹមចាំបាច់ច្រើនមុខទៀត ពោលគឺជាពូជដែលមានជំនាញការកសិកម្មណែនាំដល់កសិករដាំ ដើម្បីជីសម្រាប់ដំណាំ និងធ្វើជាចំណីសត្វ។
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បន្តថា អាហ្សូឡា ជាពូជរុក្ខជាតិប្រៀបបាននឹងរោងចក្រផលិតជីអ៊ុយរ៉េប្រើសម្រាប់ធ្វើស្រែ ចិញ្ចឹមសត្វ ធ្វើកសិកម្មសរីរាង្គ កាត់បន្ថយការចំណាយដើមទុន។ បើដាំក្នុងស្រែបានមួយរ៉ៃ វាអាចផលិតបាន៣.០០០គីឡូក្រោមស្មើនឹងជីអ៊ុយរ៉េ៧ ទៅ១០គីឡូក្រាម ដែលគ្រប់គ្រាន់ដល់ការលូតលាស់របស់ស្រូវ។
ជាមួយនឹងគ្នានេះ រុក្ខជាតិអាហ្សូឡា ក៏ជាប្រភេទរុក្ខជាតិដុះអណ្តែតលើទឹកដែលអត្ថប្រយោជន៍ខ្ពស់ដោយវាជាប្រភពចំណីមាន់ទាយ៉ាងសំខាន់ ធ្វើឱ្យមាន់ទាឆាប់ធំធាត់ឆាប់ទទួលបានផល ហើយមាន់ទាពងបានច្រើន៕