ខេត្តសៀមរាប ៖ បន្ទាប់ពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ប្រវែង ១០៦,៤២៤ គីឡូម៉ែត្រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនេះផ្លូវទាំង៣៨ខ្សែនោះបានសាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់១០០%ហើយ ដោយចំណាយថវិកាសរុបប្រមាណ១៦០លានដុល្លារ ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។
ក្រោយពីសាងសង់រួច ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើង ក៏ដូចជាថ្ងៃសំរាកនានាផងដែរ។
ផ្លូវទាំងនេះ គឺជាសរសៃឈា.មដ៏រស់រវើកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារក្នុងការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យ សោភណ្ឌភាព ជាពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណតដើម៕