រាជធានីភ្នំពេញ ៖ ដោយមានកិច្ចសហការណ៍គាំទ្រយ៉ាងពេញទំហ៊ឹងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនកាលពីរសៀលថ្ងៃសៅរ៍ទី២៦មិនាបានរៀបចំធ្វើសន្និសីទកាសែតមួយដើម្បីបង្ហាញមុខកំពូលអ្នកប្រដាល់ជើងខ្លាំងចំនួន៨រូបដែលត្រូវត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម រដូវកាលទី២ជាបន្តទៀត ដែលគ្រោងនឹងដំណើរការប្រកួតជាផ្លូវការណ៍នៅថ្ងៃទី២ខែមេសា ឆ្នាំ២០២២ខាងមុខ។
លោកស៊ីថូ ណាថាន់អ្នកគ្រប់គ្រងកម្មវិធីប្រកួតកីឡាប្រដាល់របស់សង្វៀនស៊ីធីអិនបានឱ្យដឹងថា សម្រាប់កីឡាករជើងខ្លាំងទាំង៨រូបដែលត្រូវត្រៀមឡើងប្រកួតប្រជែងដណ្ដើមខ្សែក្រវាត់ពីកម្មវិធីអ្នកតស៊ូគូនខ្មែររដូវកាលថ្មីនាពេលនេះរួមមាន៖កីឡាករសុខ សុវណ្ណ កីឡាករវេង សុភ័ក្ត្រ កីឡាករចាន់ សំអាត កីឡាករសេក គឹមរួន កីឡាករធី រ៉ារិទ្ធ កីឡាករសូដា កូនមាន់ កីឡាករសូត្រ ខេវិននិងកីឡាករភុំ សារ៉ាយ។
ក្នុងចំណោមកីឡាករទាំង៨រូបនេះទៀតបានបែងចែកជាពីរពូល ប្រកួតតាមរូបមន្តសន្សំពិន្ទុដើម្បីចម្រាញ់យកតែពីរនាក់ប៉ុណ្ណោះក្នុង១ពូលឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រើរូបមន្តខ្វែង រកអ្នកឈ្នះប្រកួតជាមួយអ្នកឈ្នះដណ្ដើមយកចំណាត់ថ្នាក់លេខ១និងលេខ២ ចំណែកអ្នកចាញ់ប្រកួតជាមួយអ្នកចាញ់ដណ្ដើមចំណាត់ថ្នាក់លេខ៣និងលេខ៤។រីឯប្រាក់រង្វាន់វិញលេខ១ទទួលបានខ្សែក្រវាត់១គ្រឿងអមជាមួយទឹកប្រាក់ចំនួន៥ពាន់ដុល្លារ លេខ២ទទួលបានពាន១គ្រឿងនិងទឹកប្រាក់២ពាន់ដុល្លារ លេខ៣ទទួលបានពាន១ទឹកប្រាក់១៥០០ដុល្លារនិងលេខ៤ទទួលបានពាន១ទឹកប្រាក់១០០០ដុល្លារ។
ទោះជាយ៉ាងណាសម្រាប់អ្នកឈ្នះលេខ១រដូវកាលថ្មីនេះនៅមានបេសកកម្មជាបន្តទៀតដែលត្រូវឡើងទៅប្រកួតជាមួយកីឡាករយ៉េន ឌីណាដែលជាម្ចាស់ជើងឯករដូវកាលចាស់ឆ្នាំ២០១៨ដែលកំពុងតែឈររង់ចាំជាបន្តទៀតបើសិនជាឈ្នះនឹងទទួលបាន៥ពាន់ដុល្លារពីលើបន្ថែមទៀត។
លោកមាន សំអុលនាយកគ្រប់គ្រងក្រុមហ៊ុនគោជល់បានលើកឡើងថា រយៈពេល៨ឆ្នាំមកហើយដែលបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែររៀបចំឱ្យមានកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់នេះឡើង ក្នុងគោលបំណងចូលរួមអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានការរីកចម្រើននិងល្បីសុសសាយនៅលើឆាកអន្តរជាតិ ជាពិសេសឆ្ពោះទៅដណ្ដើមជ័យជម្នះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។
លោកឧត្តមសេនីយឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានធ្វើការផ្ដាំផ្ញើរទៅដល់មន្ត្រីគណៈកម្មការប្រកួតក៏ដូចជាចៅក្រម អាជ្ញាកណ្ដាលត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម កាត់សេចក្ដីដោយគ្មានភាពលំអៀង ឈរលើគោលការច្បាប់។ប៉ុន្តែកីឡាកររបស់យើងក៏ត្រូវតែប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពនិងគោរពឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាប្រកួតតាំងពីដើមដល់ចប់៕