រាជធានីភ្នំពេញ ៖ ទីបំផុត គេបានរកឃើញហើយ ក្រុមខ្លាំងចំនួន៤ដែលបានឈ្នះពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិកលើវិញ្ញាសា POBG Mobile នៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍ ទី១៩ កុម្ភៈ នៅផ្សារទំនើបអីអនម៉ល២ ដែលត្រូវត្រៀមទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុមហាណូយប្រទេសវៀតណាមនាឆ្នាំ២០២២។
ការប្រកួតដែលត្រូវបានគេប្រសិទ្ធិនាមថា «ដំណើរឆ្ពោះតោកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនិងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា» ត្រូវបានដំណើរការប្រកួតចាប់តាំងពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៩ កុម្ភះ ឆ្នាំ២០២២ ដោយមានក្រុមចុះឈ្មោះប្រកួតរហូតដល់ទៅ១៦០ក្រុមឯណោះ ។ ប៉ុន្តែមកដល់វគ្គផ្ដាច់ព្រ័ត្រនៅសល់តែ១៦ក្រុមប៉ុណ្ណោះដែលត្រូវប្រជែងគ្នាដណ្ដើមធ្វើជាម្ចាស់ជើងឯកក្នុងឆ្នាំ២០២២នេះ និងដើម្បីក្លាយជាក្រុមតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិជាពិសេសការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលដ៏ខ្លីខាងមុខ។
ក្រោយពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល១ថ្ងៃពេញ កាលពីថ្ងៃទី១៩ កុម្ភៈ រួចមកគេបានរកឃើញក្រុមដែលជាម្ចាស់ជើងឯកហើយ ។ សម្រាប់ក្រុមដែលដណ្ដើមបានជាម្ចាស់ជើងឯកលើវិញ្ញាសារPOBG Mobileឆ្នាំ២០២២នេះបានទៅលើក្រុម KILL ENEMY អមជាមួយប្រាក់រង្វាន់ចំនួន៣៥០០ដុល្លារ ក្រុមដណ្ដើមបានចំណាត់ថ្នាក់លេខ២បានទៅលើក្រុម ANGKOR PUBG អមជាមួយប្រាក់រង្វាន់ចំនួន២០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមSAMURAI ESអមជាមួយប្រាក់រង្វាន់ចំនួន១០០០ដុល្លារនិងក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើក្រុមThe Quarterអមជាមួយប្រាកើរង្វាន់ចំនួន៥០០ដុល្លារ។
តាមការឱ្យដឹងបន្ថែមគោលបំណងដែលសហព័ន្ធកីឡាអេឡិចត្រូនិកធ្វើការជ្រើសរើសយកពីលេខ១ដល់លេខ៤នេះទៀតគឺដើម្បីសម្រឹតសម្រាំងចុងក្រោយជាបន្តទៀត បានន័យថា ធ្វើការជ្រើសរើសរកកីឡាករល្អៗនិងមានជំនាញរៀងខ្លួនក្នុងក្រុមនិមួយៗនៃក្រុមទាំង៤ដើម្បីបង្កើតជាក្រុមជម្រើសជាតិ សម្រាប់ចេញទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម។
ទន្ទឹមជាមួយគ្នានេះដែរ លោកលន់ សាមឌី អគ្គលេខាធិកាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឱ្យដឹងថា សហព័ន្ធនឹត្រៀមបង្កើតគណៈកម្មការបច្ចេកទេសដើម្បីជ្រើសរើសគ្រូបង្វឹក កីឡាករជម្រើសជាតិ ដែលជាផ្នែកអភិវឌ្ឍ បង្កើនសមត្ថភាព បំផុសនិងជម្រុញកីឡាអេឡិចត្រូនិចកម្ពុជាឱ្យមានការរីកចម្រើនដល់កម្រិរអន្តរជាតិ ដើម្បីត្រៀមបញ្ចូនឱ្យទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម ៕