ការសិក្សាមួយបានបង្ហាញថា អ្នកដែលមានសម្ពាធឈាមខ្ពស់ដែលប្រើថ្នាំប៉ារ៉ាសេតាម៉ុលជាប្រចាំ អាចប្រឈមនឹងជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
ជាលទ្ធផល អ្នកស្រាវជ្រាវនិយាយថា អ្នកជំងឺដែលលេបថ្នាំបំបាត់ការឈឺចាប់នេះរយៈពេលវែង គួរតែលេបថ្នាំនេះក្នុងកម្រិតទាបបំផុតក្នុងរយៈពេលខ្លីបំផុតតាមដែលអាចធ្វើទៅបាន។
យោងតាមអ្នកវិទ្យាសាស្ត្រ គេបានសន្មត់ថា ថ្នាំប៉ារ៉ាសេតាម៉ុលគឺជាថ្នាំដែលមានសុវត្ថិភាពទាំងស្រុងក្នុងការប្រើប្រាស់ចំពោះអ្នកជំងឺលើសឈាម។
ប៉ុន្តែការរកឃើញរបស់ពួកគេបង្ហាញថា ឥទ្ធិពលលើសម្ពាធឈាមគឺស្រដៀងគ្នាទៅនឹងថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្ទេរ៉ូអ៊ីដាល់-Steroidal (NSAIDs) ដូចជាថ្នាំអ៊ីប៊ុយប្រូហ្វេន( ibuprofen)ដែលគេស្គាល់ថាបង្កើនសម្ពាធឈាមនិងហានិភ័យនៃជំងឺបេះដូង ហើយក៏ត្រូវបានប្រើដើម្បីគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃផងដែរ។
ក្រុមអ្នកជំនាញនិយាយថា ការកើនឡើងសម្ពាធឈាមអាចរំពឹងបង្កើនហានិភ័យនៃជំងឺបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាលប្រហែល ២០ ភាគរយ។
ពួកគេបានលើកឡើងថា ការសិក្សានេះគួរតែនាំទៅដល់ការពិនិត្យឡើងវិញលើវេជ្ជបញ្ជាឱ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុលរយៈពេលវែងដល់អ្នកជំងឺ ជាពិសេសអ្នកដែលមានជំងឺលើសឈាម ឬអ្នកដែលប្រឈមនឹងជំងឺបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាល៕