អ្នកវិទ្យាសាស្ត្របានអះអាងកាលពីថ្ងៃអាទិត្យទី៣០ខែមករាថា វីរុសក្លាយពូជពីអូមីក្រុង ប្រភេទ BA.2 គឺឆ្លងខ្លាំងជាងមេរោគទម្រង់ដើមប្រភេទ BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ននៅក្នុងចក្រភពអង់គ្លេស ១.៥ដង។
ទោះបីជាយ៉ាងណាក៏ដោយ ការវិភាគដំបូងដោយវិទ្យាស្ថាន Statens Serum Institut (SSI) មិនបានបង្ហាញពីភាពខុសប្លែកគ្នាទេ នៃហានិភ័យចូលព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់ BA.2 បើប្រៀបធៀបទៅនឹង BA.1។
លោក Tyra Grove Krause នាយកបច្ចេកទេសរបស់ SSI បាននិយាយក្នុងសន្និសីទមួយថា “មានសញ្ញាមួយចំនួនដែលបង្ហាញថា វាឆ្លងកាន់តែខ្លាំង ជាពិសេសសម្រាប់អ្នកដែលមិនចាក់វ៉ាក់សាំង ប៉ុន្តែវាក៏អាចឆ្លងទៅអ្នកដែលចាក់ថ្នាំបង្ការរួច ក្នុងកម្រិតកាន់តែច្រើនផងដែរ”។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានបង្ហាញថា វីរុសបំប្លែងខ្លួនក្លាយពូជនេះ កំពុងចរាចរណ៍នៅក្នុងរដ្ឋជាងពាក់កណ្តាលនៃសហរដ្ឋអាមេរិក ខណៈការឆ្លងយ៉ាងហោចណាស់១២៧ករណី ត្រូវបានរាយការណ៍ទូទាំងប្រទេស។
ដោយឡែក របាយការណ៍មួយរបស់ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានរកឃើញថា មេរោគនេះរួមចំណែក ៣,៤ភាគរយនៃការឆ្លងថ្មីរបស់ប្រទេសអង់គ្លេស គិតត្រឹមថ្ងៃទី១៦ខែមករា ហើយវាមានការកើនឡើងទ្វេដងរៀងរាល់សប្តាហ៍។
យ៉ាងណាក្តី សាស្ត្រាចារ្យ Paul Hunter អ្នកឯកទេសខាងរោគរាតត្បាតនៅសាកលវិទ្យាល័យ East Anglia បានប្រាប់ MailOnline ថា គ្មានហេតុផលអ្វី ត្រូវភ័យស្លន់ស្លោចំពោះ BA.2 នោះទេ។
គួរបញ្ជាក់ជាថ្មីថា កាលពីសប្តាហ៍មុន BA.2 ត្រូវបានគេកំណត់ថាជាវីរុសបំប្លែងខ្លួនក្លាយពូជ ស្ថិតក្រោមការស៊ើបអង្កេត ហើយកាលពីថ្ងៃសុក្រ UKHSA និយាយថា គិតត្រឹមថ្ងៃទី២៤ខែមករា មានការឆ្លងចំនួន១,០៧២ករណី ត្រូវបានបញ្ជាក់នៅក្នុងប្រទេសអង់គ្លេស៕