មណ្ឌលគីរី ដែនដីគ្របដណ្ដប់ដោយព្រៃភ្នំ ក្រំថ្ម និង មានអាកាសធាតុត្រជាក់គ្រប់រដូវកាល ជាទីកន្លែងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាទៅដល់ ។ ទឹកដីប៉ែកឦសាននេះ សម្បូរទៅដោយរមណីយដ្ឋានស្អាតៗបែបធម្មជាតិពិតៗ ជាច្រើនកន្លែងរាប់មិនអស់ មានទាំងទឹកជ្រោះ ដងអូរ ព្រៃភ្នំ វាលស្មៅ ជាដើម ។ យ៉ាងណាមិញតើប្រិយមិត្ត ធ្លាប់បានទៅកម្សាន្តនៅរមណីយដ្ឋាន សមុទ្រឈើ (Sea Forest Resort Mondulkiri) ហើយឬនៅ?
Sea Forest Resort ជាកន្លែងកម្សាន្តអារម្មណ៍មួយដ៏ស្រស់ស្រាយបំផុត មានកន្លែងស្នាក់នៅហ៊ុមព័ទ្ធទៅដោយព្រៃឈើបៃតងខ្ចី ធម្មជាតិៗ ។ នៅទីនោះមានផ្ទះស្នាក់នៅបែបខ្មែរពិតៗ មានសង់ជាប់មាត់អូរ និង មានកន្លែងសម្រាប់បោះតង់ស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់ទៅសាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍ បង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារ និងសាងអានុស្សាវរីយ៍ជាមួយមិត្តភក្ដិជាដើម ។
ក្រៅពីមានផ្ទះស្នាក់នៅ ដែលមានបន្ទប់គេងស្អាត ប្រកបដោយផាសុកភាពហើយនោះ នៅទីនោះក៏មានកន្លែងកម្សាន្តផ្សេងទៀតដូចជា៖ សួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា), ស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ស្កាយបារនៅដើមឈើ ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ នបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម ។
ថ្មីៗនេះដែរតារាសម្ដែងដ៏ល្បីឈ្មោះ គង់ ចាន់ស្រមុំ និងស្វាមី បានទៅកម្សាន្តនៅសមុទ្រឈើខេត្តមណ្ឌលគីរី និងបានបង្ហាញរូបភាពជាច្រើនសន្លឹកគួរឱ្យទាក់ចិត្តក្រៃលែង ។ ចំពោះទីតាំងវិញស្ថិត នៅ ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ៕