-បណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានរាយការណ៍នៅថ្ងៃពុធនេះថា ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់អាចនឹងស្លាប់បន្តទៀត បន្ទាប់ពីមានការបំផ្ទុះទ្រង់ទ្រាយធំនៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុងហ្គាហ្សា ដោយក្រុមហាម៉ាស់បានធ្វើការរិះគន់ទៅលើកងយោធាអ៊ីស្រាអ៊ែលជាអ្នកបង្កឡើង។
-ដោយឡែកភាគីអ៊ីស្រាអ៊ែលវិញបាននិយាយថា ការបំផ្ទុះនោះ គឺបង្កមកពីការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមមួយផ្សេងទៀតដែលមានឈ្មោះថា ក្រុមឥស្លាមជីហាដប៉ាឡេស្ទីន ប៉ុន្តែរឿងការបំផ្ទុះនេះត្រូវបានបដិសេធទំាងសងខាងនៅព្រឹកថ្ងៃពុធ។
-នៅថ្ងៃពុធនេះដែរ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកចូបៃដិនធ្វើទស្សនកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលមានការលុបចោលជំនួបកំពូលជាមួយនឹងមេដឹកនំាអារ៉ាប់នៅក្នុងប្រទេសហ្សកដង់ផងដែរ។
-អ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីប្រចំានៅតំបន់មជ្ឈិមបូព៌ាបានរាយការណ៍នៅថ្ងៃនេះដែរថា យ៉ាងតិចណាស់មានពលរដ្ឋប៉ាឡេស្ទីនប្រមាណជា ៦សែននាក់ (៦០០,០០០)បានភៀសខ្លួនចេញពីតំបន់ហ្គាហ្សាភាគខាងជើងចូលទៅកាន់តំបន់ភាគខាងត្បូង បន្ទាប់ពីមានការគំរាមកំហែងពីសំណាក់កងយោធាអ៊ីស្រាអ៊ែល។
-ស្ថិតនៅក្នុងសភាពការណ៍កំពុងតែតានតឹងនេះដែរ ភាគីទាហានអ៊ីស្រាអ៊ែលឯណោះវិញបានបិទច្រកមិនអនុញ្ញាតឱ្យមានការចូលទៅផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារចំាបាច់នានាទៅកាន់ទីប្រជុំជនហ្គាហ្សានោះបានឡើយ ចាប់តំាងពីមានការវាយប្រហារកាលពីថ្ងៃទី៧ខែតុលានោះមក បង្កឱ្យមានភាពជាប់គំាង។
-ចំណែកឯតុល្យការនៃតួលេខជនរងគ្រោះវិញ ដោយយោងតាមបណ្តាញផ្សព្វផ្សាយប៊ីប៊ីស៊ីបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃនេះដែរថា ភាគីខាងអ៊ីស្រាអ៊ែលអ្នកស្លាប់បានកើនឡើងដល់១,៤០០នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។
-រីឯភាគីប៉ាឡេស្ទីនវិញ ត្រូវបានបណ្តាញផ្សព្វផ្សាយស៊ីអិនអិនបានស្រង់សំដីមន្ត្រីអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនលើកឡើងថា ពលរដ្ឋប៉ាឡេស្ទីនត្រូវកងយោធាអ៊ីស្រាអ៊ែលសម្លាប់បានកើនឡើងយ៉ាងតិច៣០០០នាក់ ខណៈអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកនៃអគារច្រើនរយនាក់ផ្សេងទៀតមិនទាន់រកឃើញនៅឡើយទេរហូតមកទល់នឹងថ្ងៃពុធនេះ៕