(អាហ្វហ្គានីស្ថាន)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងយ៉ាងលឿន ដល់ជាង២០០០នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នករស់រានមានជីវិត ក្នុងចំណោមគំនរបាក់បែក។ការរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រកាលពីថ្ងៃសៅរ៍ទី៧ខែតុលាក្នុងខេត្ត Herat បានបំផ្លិចបំផ្លាញផ្ទះនៅទីជនបទ ហើយវាធ្វើឲ្យញ័រដល់ចម្ងាយ៣០គីឡូម៉ែត្រឯណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា “មនុស្សចំនួន២០៥៣នាក់ ត្រូវបានសម្លាប់នៅក្នុង១៣ភូមិ ខណៈមនុស្ស១២៤០នាក់បានរងរបួស ហើយផ្ទះ១៣២០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង”។ហេតុការណ៍នេះកើតឡើង ចំពេលប្រទេសអ៊ីស្រាអែល ត្រូវរងការបាញ់រ៉ុកកែតរបស់ក្រុមហាម៉ាស់ បណ្តាលឲ្យមនុស្សជាង៧០០នាក់ បាត់បង់ជីវិត ខណៈនៅខាងប៉ាឡេស្ទីន មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា។ ក្រៅពីការវាយប្រហារ ក្រុមហាម៉ាស ក៏បានចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំងផងដែរ ដោយមិនគិតថាពួកគេជាទារកឬមនុស្សចាស់ជរានោះទេ៕