(អាមេរិក)៖ សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងបញ្ជូននាវាផ្ទុកយន្តហោះ នាវាចម្បាំង និងយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ហើយនឹងផ្តល់ឲ្យអ៊ីស្រាអែលនូវឧបករណ៍ និងគ្រាប់រំសេវបន្ថែមផងដែរ។អាមេរិកបានចាត់វិធានការបែបនេះ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលប្រធានាធិបតី ចូ បៃដិន ហៅថា ជាការវាយប្រហារដែលមិនធ្លាប់មានពីមុនមក និងគួរឲ្យរន្ធត់ពន់ពេក។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និយាយថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford, នាវាផ្ទុកមីស៊ីល និងនាវាពិឃាតមីស៊ីល ៤គ្រឿង កំពុងធ្វើដំណើរទៅកាន់តំបន់នោះហើយ ខណៈយន្តហោះចម្បាំងអាមេរិក ក៏នឹងត្រូវបញ្ជូនទៅដែរ។លើសពីនេះ សេតវិមានបញ្ជាក់ថា ជំនួយយោធាបន្ថែមទៀតដល់អ៊ីស្រាអែល នឹងត្រូវបានបញ្ជូនទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីធានាថា សត្រូវរបស់អ៊ីស្រាអែល នឹងមិនព្យាយាមកេងចំណេញពីស្ថានភាពនេះទេ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លើកឡើងថា សហរដ្ឋអាមេរិក ក៏កំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់របាយការណ៍ដែលថា ពលរដ្ឋរបស់ខ្លួនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ និងចាប់ជាឈ្លើយផងដែរ។ តាមការបញ្ជាក់ពីអ៊ីស្រាអែល មនុស្សជាង៧០០នាក់ត្រូវបានសម្លាប់ និង១០០នាក់ត្រូវ ចាប់ពង្រត់។ ចំណែក នៅតំបន់ហ្គាហ្សាវិញ មនុស្សយ៉ាងតិច៣១៣នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕