(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា មានអ្នកចូលរួមដោយផ្ទាល់ចំនួន ២០០០ នាក់ ។
ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងអប់រំក៏មានរៀបចំកម្មវិធី រួមមាន៖ ១) ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ “ផ្នែកស្មូតកំណាព្យ” និងពានរង្វាន់ សម្តេច ព្រះសង្ឃរាជ ជួន ណាត “ផ្នែកតែងនិពន្ធ” ដល់ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ។ ២) បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំ ចំនួន ១១រូប ដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ នៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ៣) បឋកថា ស្ដីពី “បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្តមភាព”។ ៤) វេទិកាតុមូលលើប្រធានបទ “ទស្សនៈរួមស្តីពីសាលារៀនគំរូ” ។
ទិវាគ្រូបង្រៀន ០៥ តុលា ត្រូវប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៩៧ មានគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សចំពោះគ្រូបង្រៀនដែលខិតខំអំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មានសិស្សានុសិស្ស ឱ្យធ្វើអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំតាមគំនិតថ្មី នៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹងរៀនដើម្បីមានចំណេះធ្វើរៀន ដើម្បីមានសីលធម៌ល្អ និងរៀន ដើម្បីរួមរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម ៕