(កីឡា)៖ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងទៀតហើយ រួមមានមេដាយមាស ២ និងប្រាក់ ២ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ។ តាមការបញ្ជាក់របស់កីឡាករ សាលី អ៊ូម៉ើត ដែលជាប្រធានក្រុម សម្រាប់ការប្រកួតថ្ងៃទី២ នេះ ក្រុមកីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ដោយធ្វើការប្រកួត ៣នាក់ សុទ្ធតែដណ្ដើមបានមេដាយជូនជាតិ ក្នុងនោះកីឡាករ សាលី ហ្វីលីន ដែលឈ្នះមេដាយមាស ១ និងប្រាក់ ១ កាលពីម្សិលមិញ បានបន្ដឈ្នះមេដាយមាស ១ និងប្រាក់ ១គ្រឿងបន្ថែមទៀត ។
ចំណែកមេដាយ ២គ្រឿងទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១ និងកីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ។ សរុបពេលនេះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿងហើយ ពោលគឺមានមេដាយមាស ៣ និងមេដាយប្រាក់ ៣គ្រឿង។ ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ដោយក្រុមម៉ូតូទឹកកម្ពុជា នៅសល់កីឡាករ ៣រូបទៀត ដែលត្រូវបន្ដការប្រកួតរហូតដល់ ៦វិញ្ញាសា ក្នុងនោះមានកីឡាករ សាលី អ៊ូមើត, ម៉ីន មូស្ដាន់ និងសិស្សប្អូន សាលី ហ្វីលីន ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមបានដឹកនាំកីឡាករវ័យក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូបត្រូវធ្វើការប្រកួត ដែលមាន សាលី អ៊ូមើត ផ្ទាល់, កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់ និង មីន អូស្មាន់ ។ រីឯ ៤នាក់ទៀត គឺកីឡាករថ្នាល ដែលចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ សម្រាប់យកមកអនុវត្តក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនាថ្ងៃអនាគត៕