(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយវិទ្យុសំឡេងវៀតណាមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីគណៈប្រតិភូបានបញ្ចប់ការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសំឡេងវៀតណាមបានធ្វើនាពេលកន្លងមក និងដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិថ្មីៗបន្ថែមទៀតលើវិស័យព័ត៌មាននៃប្រទេសទាំងពីរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តោតលើការពង្រឹងសមត្ថ ភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធការងារលើផ្នែកបច្ចេកទេស។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍១គ្រឿង និងរថយន្តចល័តវិទ្យុ១គ្រឿង។
ឯកឧត្តម ដូ ធៀនស៊ី (Do Tien Sy) អគ្គនាយកនៃវិទ្យុសំឡេងវៀតណាមបានមានប្រសាសន៍ថា វិទ្យុសំឡេងវៀតណាមបានសហការជាមួយទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប និងស្ថានីយផ្សាយសំឡេងជាតិផ្សេងៗគ្នាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។ អគ្គនាយកវិទ្យុសំឡេងវៀតណាម Do Tien Sy បានសង្កត់ធ្ងន់ថា៖ «នាពេលខាងមុខ ភាគីយើងទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានអំពីនយោបាយ សេដ្ឋ កិច្ច សង្គម វប្បធម៌ ឱ្យកាន់តែល្អប្រសើរថែមទៀត។ យើងខ្ញុំត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេក ទេសជាមួយកម្ពុជា។ យើងជឿជាក់ថា ទំនាក់ទំនងរវាងយើងនឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការអះអាងពីទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា»៕