ជំងឺគ្រុនឈាម មានអាការៈមិនសូវជាខុសគ្នានឹងជំងឺគ្រុនផ្តាសាយប៉ុន្មានឡើយ ហើយរោគសញ្ញាគួរឱ្យកត់សម្គាល់ គឺក្តៅខ្លួន ស្រៀវស្រាញ ល្វើយអស់កម្លាំងជាដើម។ ជាទូទៅ មនុស្សធំ មិនសូវជាចាប់អារម្មណ៍នឹងអាការៈនៃរោគសញ្ញានេះប៉ុន្មានឡើយ ដោយសារថា ពេលលេចចេញដំបូងៗ អាការៈក្តៅខ្លួនច្រើនតែថមថយកំដៅវិញ ក្រោយបានលេបថ្នាំបញ្ចុះកំដៅរួច។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពេទ្យព្យាបាលជំងឺទូទៅ បានចែករំលែករឿងបុរសវ័យ ២៨ឆ្នាំម្នាក់ ដែលជាអ្នកជំងឺរបស់គ្លីនិកលោកផ្ទាល់ មានអាការៈធ្ងន់ធ្ងរ ដោយសារជំងឺគ្រុនឈាម ដោយរកឃើញថា ឈាមគាត់ខាប់ខ្លាំង ប្លាកែតចុះ(សល់តែ ៣៩) ជាតិពុលថ្លើមក៏ឡើង ឯជាតិពុលតម្រងនោមក៏ឡើង។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា មុននឹងឈានដល់កម្រិតធ្ងន់ធ្ងន់ កាលពីប៉ុន្មានថ្ងៃមុន បុរសរូបនេះ មានអាការៈក្តៅខ្លួនខ្លាំង រួចក៏ទៅផ្សំ ថ្នាំដោយមិនបានពិនិត្យ។
ក្រោយលេបបាន ៣ថ្ងៃជាប់ៗគ្នា គាត់ក៏លែងក្តៅខ្លួន ប៉ុន្តែអាការៈផ្សេងៗហាក់មិនធូរស្បើយ រហូតដល់គាត់មានអាការៈ ចុកពោះខ្លាំង ក្អួតខ្លាំង វិលមុខ អស់កម្លាំង ធីងធោង ចង់សន្លប់ ទើបគាត់សម្រេចចិត្តមកពេទ្យ។
គ្រូពេទ្យរូបនេះបន្តថា ភ្លាមៗតាមការពិនិត្យបឋម អ្នកជំងឺមានសំពាធឈាម 102/81 កំដៅធម្មតា 36.4 ជីពចរ 86/នាទី អុកសុីសែនក្នុងឈាម 93% ហើយក្រោយការសាកសួរប្រវត្តិជំងឺ និងតេស្តឈាម រកឃើញថា គាត់មានជំងឺគ្រុនឈាម ហើយបានប៉ះពាល់ដល់ថ្លើម និងតម្រងនោមថែមទៀត។
ក្នុងលទ្ធបញ្ជាក់ថាមានមរោគគ្រុនឈាម NS1+ និងមានជាតិទឹកនោមប្រៃ (Proteinuria2+)។ ប៉ុន្តែក្រោយទទួលការព្យាបាល អ្នកជំងឺក៏បានធូរស្បើយ មុខងារតម្រងនោមក៏បានមកធម្មតាវិញ កំហាប់ឈាមក៏មកធម្មតា។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ណែនាំឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសតាស់តឿន កុំឱ្យបណ្តែតបណ្តោយដូចករណីនេះ ព្រោះថា បើអ្នកជំងឺមកមិនទាន់ពេល នឹងអាចមានគ្រោះថ្នាក់ដល់ជីវិត ឬប៉ះពាល់ដល់តម្រងនោមខ្លាំង។ មួយវិញទៀត ពេលមានជំងឺសូមពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ ជៀសវៀងទិញថ្នាំលេបផ្តេសផ្តាសដោយខ្លួនឯង៕