ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំមួយរវាងថ្នាក់ដឹកនាំ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ជាមួយតំណាងក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍នៅក្នុងខេត្តប៉ៃលិន ជម្រុញការផ្តល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អោយបានល្អប្រសើជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិនបានប្រើប្រាស់។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន និងមានតំណាងក្រុងហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណិតក្នុងខេត្តប៉ៃលិន រួមមាន៖ ក្រុមហ៊ុនមិតហ្វូន ស្មាត អ៊ីស៊ីខំ អនឡាញ សែលខាត ទូរគមនាគមន៍កម្ពុជា ស៊ីណិត ស៊ីហ្វុន ទូរទស្សន៍ខ្សែកាប និងក្រុមហ៊ុនអគ្គីសនីប៉ៃលិន បានអញ្ជើញចូលរួម។
កិច្ចប្រជុំនេះបានដំណើរការរយៈពេលពេញមួយព្រឹក ដោយខាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិនបានលើកឡើងពីបញ្ហាប្រឈម ការត្អូញត្អែរបស់ប្រជាពលរដ្ឋ មហាជនពីការខ្វះសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិតប្រើប្រាស់នៅក្នុងតំបន់មួយចំនួនក្នុងខេត្ត, ការផ្តល់អោយនូវល្បឿនអ៊ីនធឺណិតមិនគ្រប់ដូចកុងត្រាកិច្ចសន្យារវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់, ការផ្តល់សេវាថែទាំ ជួសជុលបណ្តាញមានការយឺតយ៉ាវជាដើម។
ជាការឆ្លើយតប តំណាងក្រុមហ៊ុននីមួយៗបានបង្ហាញពីផលលំបាក និងការខ្វះខាតលើឧបករណ៍បច្ចេកទេស ដែលបំរើអោយការងារផ្តល់សេវា មានដូចជាៈ ឧបករណ៍បច្ចេកទេសមានសភាពចាស់ អាយុកាលច្រើនឆ្នាំ នាំអោយបាត់បង់សមត្ថភាពក្នុងការផ្តល់សេវា និង មិនទាន់មានបង្គោលអង់តែនគ្រប់គ្រាន់តាមតម្រូវការ។ តែទោះជាយ៉ាងណា ក៏មានឧបករណ៍បច្ចេកទេសខ្លះៗកំពុងមានការ អាប់ដេត ថ្មីៗជាបន្តបន្ទាប់ផងដែរ។ ដោយឡែកចំពោះការកង្វល់, ការសំណូមពរនានារបស់មន្ទីប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងក្រុមហ៊ុន នឹងដាក់ជារបាយការណ៍បញ្ជូនទៅក្រុមហ៊ុនសំរាប់ពិនិត្យ និងដោះស្រាយបន្ត។
មានប្រសាសន៍បូកសរុបអង្គប្រជុំ, លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិនបានលើកឡើងថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន មានកង្វល់ច្រើន ចំពោះការផ្តល់សេវាអ៊ីនធឺណិត។ លោកជំទាវចង់អោយមានការ ផ្តល់សេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទ ជូនប្រជាពលរដ្ឋប្រើប្រាស់បានល្អប្រសើ និងគ្រប់ទីកន្លែង ពិសេសនៅតំបន់ទេសចរ រមណីដ្ឋាននានាក្នុងខេត្ត ទីប្រជុំជន និងតំបន់រដ្ឋបាលសំខាន់ៗក្នុងខេត្ត ទាំងអស់។ លោកស្រី កើត ស៊ីធាម ក៏បានស្នើសុំអោយក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេនាអ៊ីនធឺណិតទាំងអស់ត្រូវរៀបចំរចនាសម្ព័ន្ធបណ្តញខ្សែអ៊ីនធឺណិតអោយបានល្អកុំអោយរញ៉េរញ៉ៃ និងមានសុវត្ថិភាពល្អ។ ក្រុមហ៊ុនក៏ត្រូវផ្តល់ល្បឿនអ៊ីនធឺណិត អោយគ្រប់តាមកុងត្រា កិច្ចសន្យាជាមួយអតិថិជន ជៀសវាង ក្នុងកុងត្រាចំនួន២០មេ តែការពិត ធ្វើតេស្តល្បឿន បានត្រឹមតែ១០មេ ដូចការត្អូញត្អែរបស់ប្រជាពលរដ្ឋ មហាជន៕ ដោយ៖ វួច ពឿន ប្រធាន AKP ប៉ៃលិន