ប៉ៃលិន៖ នៅសាលាស្រុកសាលាក្រៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និង លោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំស្តីពីការដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំទាំង៤ នៅស្រុកសាលាក្រៅ សម្រាប់ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តគម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានដោយផ្ទាល់ ដូច្នេះមន្ត្រីជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់ឲ្យបានម្មត់ចត់ ដើម្បីអោយការប្រើប្រាស់ថវិកា គម្រោងមូលនីធិនេះ ចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ច ទីផ្សាសេរី និងសមធម៌សង្គម ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសព្វ ។
ឯកឧត្តម ហុក សុផល បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ។
សូមបញ្ជាក់ថា៖ ក្រោយពីបញ្ចប់ការដេញថ្លៃគម្រោងមូលនីធិឃុំទាំង ៤ ក្នុងស្រុកសាលាក្រៅ ជាលទ្ធផល ១-ឃុំសាលាក្រៅ បានទៅលើក្រុមហ៊ុន គង់ សុខគា តម្លៃដាក់ដេញថ្លៃនៅពេលបើក ២០៣,០០០,០០០រៀល, ២-ឃុំស្ទឹងត្រង់ បានទៅលើក្រុមហ៊ុន គង់ សុខគា តម្លៃដាក់ដេញថ្លៃនៅពេលបើក ២៦០,០០០,០០០រៀល, ៣-ឃុំស្ទឹងកាច់ បានទៅលើក្រុមហ៊ុន គង់ សុខគា តម្លៃដាក់ដេញថ្លៃនៅពេលបើក ៣០៦,០០០,០០០រៀល, ៤-ឃុំអូរអណ្តូង បានទៅលើក្រុមហ៊ុន ណាម ឈូក តម្លៃដាក់ដេញថ្លៃនៅពេលបើក ២០២,៦៣៥,៤០០រៀល ៕