ឥណ្ឌា ៖ ក្រុមមន្ត្រីរបស់ឥណ្ឌា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានអះអាងថា ប្រទេសឥណ្ឌាបានទប់ស្កាត់ការជួបជុំជាសាធារណៈ និងបិទសាលារៀនមួយចំនួន នៅក្នុងរដ្ឋខេរ៉ាឡា (Kerala) នៃភាគខាងត្បូងប្រទេស បន្ទាប់ពីមនុស្សពីរនាក់ បានស្លា.ប់ដោយសារវីរុស Nipah ដែលជាវីរុសចេញមកពីសត្វប្រចៀវ ឬជ្រូក ដែលបណ្តាលឱ្យគ្រុនក្តៅរហូតដល់ស្លា.ប់។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO បានឱ្យដឹងថា រហូតមកទល់ពេលនេះ នៅមិនទាន់មានវ៉ាក់សាំងបង្ការវីរុស Nipah នៅឡើយទេ ហើយអត្រាស្លា.ប់មានចាប់ពី ៤០ ទៅ ៧៥%។ រោគសញ្ញាវីរុស Nipah រួមមាន ៖ គ្រុនក្តៅខ្លាំង ក្អួត និងឆ្លងមេរោគផ្លូវដង្ហើម ប៉ុន្តែករណីធ្ងន់ធ្ងរអាចពាក់ព័ន្ធនឹងការប្រកាច់ និងរលាកស្រោមខួរក្បាល និងបណ្តាលឱ្យសន្លប់។
មន្ត្រីសុខាភិបាលរបស់ប្រទេសឥណ្ឌា បានលើកឡើងថា មនុស្ស៣នាក់ផ្សេងទៀត បានធ្វើតេស្តឃើញវិជ្ជមាន ហើយមនុស្សជាង៧០០នាក់ រួមទាំងបុគ្គលិកសុខាភិបាល ១៥៣នាក់ ដែលជាប់ទាក់ទងជាមួយនឹងអ្នកឆ្លងវ កំពុងស្ថិតក្រោមការសង្កេត។ យ៉ាងហោចណាស់មនុស្ស៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារអាយុ៩ឆ្នាំម្នាក់ ដែលជាកូនរបស់អ្នកជំងឺឆ្លងវីរុសនេះ។
របាយការណ៍ពី WHO បានលើកឡើងថា ដំបូងឡើយវីរុស Nipah ឆ្លងពីសត្វដូចជា ប្រចៀវ ឬជ្រូក ហើយក៏ឆ្លងពីមនុស្សទៅមនុស្សផងដែរ។ រយៈពេលឆ្លងរហូតដល់ការចាប់ផ្តើមចេញរោគសញ្ញាមានចាប់ពី ៤ ទៅ ១៤ ថ្ងៃ ប៉ុន្តែលក្ខខណ្ឌខ្លះអាចមានរហូតដល់រយៈពេល៤៥ថ្ងៃ។
នៅក្នុងឆ្នាំ ២០១៨ យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ បន្ទាប់ពីឆ្លងវីរុស Nipah នៅក្នុងរដ្ឋខេរ៉ាឡា។ វីរុសនេះ ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីបានរីករាលដាលក្នុងចំណោមអ្នកចិញ្ចឹមជ្រូក នៅក្នុងប្រទេសម៉ាឡេស៊ី។ ចំណែកនៅក្នុងប្រទេសឥណ្ឌា ការផ្ទុះវីរុស Nipah ដំបូងត្រូវបានរាយការណ៍នៅក្នុងរដ្ឋ West Bengal កាលពីឆ្នាំ ២០០១។
WHO បានចុះបញ្ជីវីរុស Nipah គឺជាជំងឺអាទិភាពមួយរបស់ខ្លួន ដែលបង្កហានិភ័យសុខភាពសាធារណៈដ៏ធំបំផុត ដោយសារសក្តានុពល នៃការរីករាលដាលរបស់ពួកគេ និងជាកន្លែងដែលគ្មាន ឬភាពមិនគ្រប់គ្រាន់ នៃវិធានការប្រឆាំងវីរុសនេះ។
គួរបញ្ជាក់ថា នេះគឺជាការវិលត្រឡប់ទៅរកវិធានការទប់ស្កាត់វីរុសឆ្លងឡើងវិញរបស់អាជ្ញាធរប្រចាំតំបន់រប់ប្រទេសឥណ្ឌា បន្ទាប់ពីវិធានការស្រដៀងគ្នានេះ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕ (ប្រភពពី AFP)