(អង់គ្លេស) ៖ លោក Pep Guardiola បានឈរជាគ្រូបង្វឹក ដែលចាយលុយច្រើនជាងគេបំផុតលើការផ្ទេរកីឡាករ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣។ ចាប់តាំងពីក្លាយជាគ្រូបង្វឹកបាល់ទាត់អាជីពនៅឆ្នាំ ២០០៨ រហូតមកទល់ពេលនេះ លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានចំណាយប្រាក់សរុបរហូតដល់ទៅ ២.១ពាន់លានដុល្លារអាមេរិកលើការផ្ទេរកីឡាករ។
កីឡាករ Jack Grealish, Ruben Dias, Erling Halaand, Mateo Kovacic, Josko Gvardiol, Matehur Nunes និង Jeremy Doku សុទ្ធតែជាកីឡាករទិញចូលក្នុងតម្លៃថ្លៃរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥២ឆ្នាំរូបនេះ។តំណែងបន្ទាប់ធ្លាក់ទៅលើលោក Jose Mourinho បច្ចុប្បន្នជាគ្រូបង្វឹកក្រុម Roma ដែលបានចាយលុយសរុប ២ពាន់លានដុល្លារ ចាប់តាំងពីរូបលោកក្លាយជាគ្រូបង្វឹកអាជីពដំបូងនៅឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន ខណៈដែលខ្សែបម្រើបារាំង Paul Pogba គឺជាកីឡាករថ្លែបំផុត នៅក្នុងបញ្ជីទិញចូលរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៦០ឆ្នាំរូបនេះ ពោលនៅក្នុងតម្លៃ ១០៥លានអឺរ៉ូ។ដោយឡែក លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid ស្ថិតនៅតំណែងលេខ៣ ដោយបានចាយលុយសរុប ១.៧ពាន់លានដុល្លារ ចាប់តាំងរូបលោកក្លាយជាគ្រូបង្វឹកអាជីពដំបូងនៅឆ្នាំ ១៩៩៥ រហូតដល់បច្ចុប្បន្ន។ ខ្សែបម្រើអង់គ្លេស Jude Bellingham គឺជាកីឡាករថ្លៃបំផុត នៅក្នុងបញ្ជីទិញចូលរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះ ពោលគឺ ១៣៣លានអឺរ៉ូ។ គ្រូបង្វឹកទាំង១០ ដែលចាយលុយច្រើនបំផុតក្នុងអាជីពលើការផ្ទេរកីឡាករ
-លោក Pep Guardiola (អេស្ប៉ាញ) ៖ ២.១ពាន់លានដុល្លារ
-លោក Jose Mourinho (ព័រទុយហ្គាល់) ៖ ២.១ពាន់លានដុល្លារ
-លោក Carlo Ancelotti (អ៊ីតាលី) ៖ ១.៧ពាន់លានដុល្លារ
-លោក Massimiliano Allegri (អ៊ីតាលី) ៖ ១.៥ពាន់លានដុល្លារ
-លោក Diego Simeone (អាហ្សង់ទីន) ៖ ១.៣ពាន់លានដុល្លារ
-លោក Manuel Pellegrini (ឈីលី) ៖ ១.៣ពាន់លានដុល្លារ
-លោក Thomas Tuchel (អាល្លឺម៉ង់) ៖ ១.៣ពាន់លានដុល្លារ
-លោក Antonio Conte (អ៊ីតាលី) ៖ ១.២ពាន់លានដុល្លារ
-លោក Mauricio Pochettino (អាហ្សង់ទីន) ៖ ១.២ពាន់លានដុល្លារ
-លោក Jürgen Klopp (អាល្លឺម៉ង់)៖ ១.២ពាន់លានដុល្លារ ៕