ការសន្លប់ដោយកម្តៅ ឬHeatstroke គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិត។ បញ្ហានេះកើតឡើងនៅពេលសីតុណ្ហភាពរាងកាយឡើងខ្ពស់ជាង៤០អង្សា ដោយអាចបណ្តាលឲ្យពិការខួរក្បាល ខូចសរីរាង្គ ឬបាត់បង់ជីវិតក៏មាន។
អ្នកណាខ្លះងាយប្រឈមនឹងការសន្លប់ដោយកម្តៅថ្ងៃ?
យើងគ្រប់គ្នាសុទ្ធតែអាចកើតមានអាការៈនេះ ប៉ុន្តែទារក និងមនុស្សចាស់មានហានិភ័យខ្ពស់ ពីព្រោះតែរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពប្រកបដោយប្រសិទ្ធភាព។ កីឡាករ ឬអ្នកដែលមានតួនាទីការងារនៅក្រោមកម្តៅថ្ងៃច្រើន ក៏ងាយប្រឈមនឹងបញ្ហានេះដែរ។
កត្តាផ្សេងទៀតដែលបង្កើនហានិភ័យនៃការសន្លប់ដោយកម្តៅ
- ផឹកគ្រឿងស្រវឹង
- កង្វះជាតិទឹក
- ប្រើប្រាស់ថ្នាំមួយចំនួន ដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយ
- មានបញ្ហាសុខភាពជាក់លាក់ដូចជា វិបត្តិដំណេក បញ្ហាបេះដូង សួត តម្រងនោម។
- ស្លៀកសំលៀកបំពាក់តឹង ឬក្រាសពេក
- ធាត់ជ្រុល
- គ្រុនក្តៅខ្លាំង
- ធ្លាប់មានបញ្ហាសន្លប់ដោយកម្តៅពីមុន។
រោគសញ្ញានៃការសន្លប់ដោយកម្តៅ
- ស្បែកស្ងួត ដែលមិនបញ្ចេញញើស
- ពិបាករក្សាលំនឹង
- វង្វេងស្មារតី
- វិលមុខ
- បែកញើសច្រើន ក្រោយឈប់ធ្វើលំហាត់ប្រាណ
- ស្បែកក្តៅ ឬស្លេកស្លាំង
- សម្ពាធឈាមទាប ឬខ្ពស់
- ចង្អោរ ឬក្អួត
- ចង្វាក់បេះដូងលោតញាប់
- សន្លប់។
ផលវិបាកនៃការសន្លប់ដោយកម្តៅ
សីតុណ្ហភាពរាងកាយខ្ពស់ អាចបណ្តាលឲ្យ៖
- ហើមខួរក្បាល
- ខ្សោយតម្រងនោម
- ខ្សោយថ្លើម
- សារធាតុចិញ្ចឹមរាងកាយមិនទទួលបាន
- ខូចសរសៃប្រសាទ
- កាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល និងបញ្ហាឈាមរត់ផ្សេងទៀត។
គន្លឹះបង្ការ
- ជៀសវាងហាត់ប្រាណក្នុងស្ថានភាពក្តៅ ហើយសើម
- ញ៉ាំភេសជ្ជៈសម្រាប់អ្នកកីឡា
- នៅទីកន្លែងដែលមានម៉ាស៊ីនត្រជាក់ ឬខ្យល់ចេញចូលបាន អំឡុងពេលអាកាសធាតុក្តៅ
- ស្លៀកសំលៀកបំពាក់ស្រាល និងរលុងៗ ប្រសិនបើយើងត្រូវចេញក្រៅក្រោមកម្តៅថ្ងៃ។