(ភ្នំពេញ)៖ ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ ៣០០ លានដុល្លារ នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបញ្ចប់ការសាងសង់ទាំងស្រុងកាលពីខែឧសភា។ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។
ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ទទឹង ២២ ម៉ែត្រ មាន ៤ គន្លង សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយមានតម្លៃវិនិយោគប្រមាណ ៣០០ លានដុល្លារអាមេរិក ដែលបានចំណាយពេលសាងសង់ចំនួន៤២ខែ។ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ តភ្ជាប់ពីមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ឆ្លងកាត់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ ១ ត្រង់ចំណុចឃុំដីឥដ្ឋ ខេត្តកណ្តាល។
ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍន៍បូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕