(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រីនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Will Parks ដែលត្រូវបានតែងតាំងជាប្រធានអង្គការយូនីសេហ្វថ្មី ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចថា អង្គការយូនីសេហ្វ គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិដំបូងគេ ដែលបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម នាឆ្នាំ១៩៧៩។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វ ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស ថវិកា និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈគម្រោងសុខភាពមាតា និងកុមារ និងអាហារូបត្ថម្ភ ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល ដែលអាចឱ្យកម្ពុជា សម្រេចបានគោលអភិវឌ្ឍសហសវត្សរ៍ មុនកាលបរិច្ឆេទកំណត់ និងសូចនាករសុខភាពផ្សេងៗទៀត។ លោក Will Parks តំណាងអង្គការយូនីសេហ្វ បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះបានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
តំណាងអង្គការយូនីសេហ្វរូបនេះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមទាំងអង្គការយូនីសេហ្វ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ។ លោក ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ ដែលអាចឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ អាចបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ។ លើសពីនេះទៀត លោកប្រធានអង្គការយូនីសេហ្វ ក៏បានស្នើសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្រ្តី ទៅតាមគោលដៅដែលបានគ្រោងទុក។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្ដេជ្ញាចិត្តរបស់អង្គការយូនីសេហ្វ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានសំណូមពរឱ្យអង្គការយូនីសេហ្វ បន្តសហការជាមួយអង្គភាពដែលពាក់ព័ន្ធទាំងអស់៕