(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅក្នុងដំណើរការ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ គឺ ១.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ; ២.ក្រសួងបរិស្ថាន; ៣.ក្រសួងសុខាភិបាល; ៤.ក្រសួងមហាផ្ទៃ; និង ៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS បែបនេះរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងពិធី «ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ FMIS, ពង្រីកការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ពង្រីកការប្រើប្រាស់ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រកាសដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅក្រសួងចំនួន៥ ដំបូង» នៅទី២២ ខែមីនា ឆ្នាំ២០២៣ នៅសាលាជាតិគយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីគោលនយោបាយអាទិភាព មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា FMIS គឺជាឧបករណ៍ស្នូល ដែលមិនអាចខ្វះបាន សម្រាប់ជួយគាំទ្រ និងជំរុញដល់ការសម្រេចបាននូវគោលដៅនៃដំណាក់កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមាន ការបង្កើនភាពជឿទុកចិត្តនៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងជួយក្នុងការបង្កើនប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជារួម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា ការបន្តធ្វើឌីជីថលូបនីយកម្មទៅលើនីតិវិធីអនុវត្តការងារការទូទាត់ និង ការផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងកាត់បន្ថយការប្រើប្រាស់ឯកសារជាក្រដាសឱ្យបានជាអតិបរមា; ក្នុងនោះ រួមមាន ការបន្តពង្រីកវិសាលភាពនៃការតម្រឹមនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង, ការពង្រីកការប្រើប្រាស់ FMIS Portal ជំនាន់ទី១ សម្រាប់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ និងអង្គភាពចំណាយផ្សេងទៀត ជាដើម ជាមួយនឹងការបន្តអភិវឌ្ឍន៍មុខងារថ្មីៗ និងការកែលម្អប្រព័ន្ធដែលមានស្រាប់ទាំងអស់ជាបន្តបន្ទាប់ ឱ្យកាន់តែមានលក្ខណៈងាយស្រួលសម្រាប់ការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងការបន្តអភិវឌ្ឍន៍កម្មវិធីនានា ដើម្បីអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និងឧបករណ៍ឆ្លាតវៃនានា៕