(ថៃ)៖ នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) របស់ថៃ រួមជាមួយសមាគមអ្នកនាំចេញអង្ករ កំពុងត្រៀមប្តឹងរោងចក្រផលិតអង្ករចិនចំនួន ៣ ពីបទផលិតអង្ករផ្កាម្លិះថៃក្លែងក្លាយ ។លោក Ronnarong Phoolpipat អគ្គនាយក DFT បាននិយាយកាលពីពេលថ្មីៗនេះថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុននាំចេញអង្ករថៃ ដោយសារតែរោងម៉ាស៊ីនកិនស្រូវចិនទាំងនេះ បានបន្ថែមក្លិនក្រអូបសិប្បនិម្មិតឲ្យមានក្លិនដូចអង្ករផ្កាម្លិះថៃ ។ អង្ករផ្កាម្លិះក្លែងក្លាយនេះ ត្រូវបានគេដាក់លក់ក្នុងប្រទេសចិនក្រោមស្លាកយីហោថៃក្លែងក្លាយ ដែលបញ្ជាក់ថា អង្ករនេះនាំចូលពីប្រទេសថៃ ហើយទង្វើនេះជាការបំពានច្បាប់ពាណិជ្ជកម្មចិន ។
រោងចក្រទាំង ៣ របស់ចិននោះ រួមមាន ឧស្សាហកម្មអង្ករ Anhui Huainan Shouxian Yongliang ឧស្សាហកម្មប្រេង និងចំណីអាហារ Anhui Xiangwang Cereals និងឧស្សាហកម្មពាណិជ្ជ Huainan Chufeng ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរក៏បានរកឃើញដែរថា រោងចក្រទាំងនេះ បានបំពានច្បាប់មួយចំនួនទៀតទាក់ទងនឹងសុវត្ថិភាពចំណីអាហារ គុណភាពផលិតផល និងការផ្សព្វផ្សាយជាដើម ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករផ្កាម្លិះចំនួន ១៤២,១៤៦ តោន ដែលមានតម្លៃ ១១៧ លានដុល្លារទៅកាន់ទីផ្សាររបស់ប្រទេសចិន ៕