(អង់គ្លេស)៖ លោកស្រី Clare Short ដែលបម្រើការជារដ្ឋមន្ត្រីការបរទេសអង់គ្លេសសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៣ បាននិយាយថា អង់គ្លេសបានគិតខុស និងខ្វះផែនការទទួលខុសត្រូវទាំងស្រុង ដែលដើរតាមសហរដ្ឋអាមេរិកចូលទៅក្នុងសង្គ្រាមអ៊ីរ៉ាក់កាលពី ២០ ឆ្នាំមុន ។ លោកស្រី Clare Short បាននិយាយថា អាមេរិកបានចាត់ទុកលោក សាដាម ហ៊ូសេន គឺជាមេដឹកនាំដ៏ឃោរឃៅបំផុត និងមិនមានប្រជាប្រិយភាពជាមួយប្រជាជនអ៊ីរ៉ាក់នោះទេ ដូច្នេះទើបពួកគេបើកការលុកលុយដើម្បីការពារអាយុជីវិតរបស់ប្រជាជនអ៊ីរ៉ាក់ ។
ចំណែកអង់គ្លេសវិញ លោកស្រីបានប្រាប់កងទ័ពអំពីការអភិវឌ្ឍន៍នយោបាយអន្តរជាតិ នៅមុនថ្ងៃដែលអាមេរិកបានបើកការវាយលុកលើអ៊ីរ៉ាក់ ។ លោកស្រីធ្លាប់បានលើកឡើងថា តើយើងគួរតែនៅជាមួយអាមេរិកឬក៏អត់ ប៉ុន្តែទោះជាយ៉ាងណា នៅពេលនោះយើងខ្វះការគិតពិចារណា និងមិនមានផែនការទទួលខុសត្រូវទាំងស្រុង ។ លោកស្រី Short សង្កត់ធ្ងន់ថា សង្រ្គាមអ៊ីរ៉ាក់គឺជាកំហុសដ៏អាក្រក់មួយសម្រាប់រដ្ឋាភិបាលលោក Tony Blair ព្រោះវាជាការរំលោភច្បាប់អន្តរជាតិ និងជាការបំផ្លិចបំផ្លាញដ៏គួរឲ្យភ័យខ្លាច ហើយអ្វីដែលសំខាន់នោះ វានាំមកនូវភាពអាម៉ាស់ និងធ្វើឲ្យបាត់បង់កេរិ៍្តឈ្មោះដល់រដ្ឋាភិបាល ។ លោកស្រីបញ្ជាក់ទៀតថា អ្វីដែលត្រូវធ្វើនៅពេលនេះ គឺរៀនពីមេរៀននេះ ហើយព្យាយាមនាំសន្តិភាព និងការអភិវឌ្ឍដល់ប្រជាជនអ៊ីរ៉ាក់ដែលរងទុក្ខវេទនាយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ។គួរបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយលុកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក សាដាម ហ៊ូសេន ខណៈសង្គ្រាមមួយនេះបានអូសបន្លាយពេលរហូតដល់ឆ្នាំ ២០១១ ៕