(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនអត់ឱនឲ្យសកម្មភាពណា ដែលមានចេតនាបំផ្លាញសន្តិភាពនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បានបញ្ចប់វាលសង្រ្គាម នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដែលឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ២៥ហើយ នៃការបញ្ចប់សង្រ្គាមស៊ីវិល នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមិនមានអានុភាពប្រតិកិរិយាណាមួយ ធ្វើឲ្យកម្ពុជាវិលត្រឡប់ទៅរកសង្រ្គាម ឡើងវិញនោះទេ។ «ច្បាស់ណាស់ យើងមិនអត់ឱនឲ្យសកម្មភាពណាក៏ដោយ ទោះបីដោយតម្លៃណាក៏ដោយ សម្រាប់អ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅក្នុងកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា «យើងយល់ យើងដឹង អំពីបំណងរបស់មនុស្សខ្លះ ដែលជាមជ្ឈដ្ឋានក្រៅប្រទេស ផ្ដល់ក្ដីកង្វល់ចំពោះយើង តែយើងក៏សូមប្រាប់ទៅអ្នកទាំងអស់ឲ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីដ៏កំសត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញ និងធ្វើសង្រ្គាមក្នុងប្រទេសយើង កាលពីពេលមុន»។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅប្រទេស នឹងមិនដុតកំឡោតដោយជួយផ្ចុងផ្ដើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា នោះទេ៕