ប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងជូនពរក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ផងដែរ។
ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំភូមិភាគ៥ បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញមកខេត្តប៉ៃលិននៅពេលនេះ គឺដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ប្រកបដោយភាពស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ព្រមទាំងជូនពរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ដែលឈានចូលមកដល់នាពេលខាងមុខ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គកុងស៊ុលវៀតណាម ក៍បានមានប្រសាសន៍កោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។
ជាការឆ្លើយតបក្នុងជំនួបនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការទូត របស់ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក និងវត្តអារាមជាដើម ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានា នៅលើសកលលោក ដែលផ្តល់នូវកាលានុវត្តភាពលើគ្រប់វិស័យ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍រំលឹកថា៖ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំពុំអាចភ្លេចនូវវិរភាព និងគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីបុព្វហេតុស្វែងរកសន្តិភាព និងសេរីភាព ជូនប្រជាជនកម្ពុជា ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន កំពុងសហការជាមួយភាគីវៀតណាម ក្នុងការស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ ៕ អត្ថបទ៖ លោក ញ៉ឹប បូរី