ឥណ្ឌូណេស៊ី៖ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់លោករដ្ឋមន្រ្តីការបរទេសចិនឈីន ហ្គាង( Qin Gang)មកកាន់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នំា២០២៣នេះដែរ។ ដោយយោងតាមបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ី ហើយនិងប្រទេសចិននិងព្យាយាមបង្កើតការចរចាយ៉ាងសកម្ម ទៅលើក្រមប្រតិបត្តិនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។ ខណៈដែលរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន ហ្គាងរូបនេះក៏បាននិយាយដែរថា ប្រទេសទំាងឡាយនៅក្នុងតំបន់មិនគួរត្រូវគេបង្ខំឱ្យគំាទ្រម្ខាងៗ ស្របពេលនៃដំណើរប្រកួតប្រជែងលើភូមិសាស្រ្តនយោបាយនោះឡើយ។ ដោយឡែកលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី ( Retno Marsudi) និងសមភាគីរបស់លោកស្រី ពោលគឺលោក ឈីន ហ្គាងបានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃពុធដែរថា នេះជាដំណើរទស្សនកិច្ចការងាររបស់លោក មកកាន់ប្រទេសឥណ្ឌូណេស៊ី រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សមភាគីឥណ្ឌូណេស៊ី ខណៈដែលប្រមុខការទូតទំាងពីរបានលើកឡើងនូវបញ្ហាជាច្រើនមកពិភាក្សា ក្នុងនោះក៏មានបញ្ហាទ្វេភាគីផងដែរ។
ចំណែកឯសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទំាងពីរ បានបង្ហាញដល់បណ្តាញផ្សព្វផ្សាយ ក្នុងនោះបានស្រង់យកសំដីរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីបានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ី ហើយនិងអាស៊ានចង់ឱ្យមានស្ថេរភាព និងភាពសុខស្ងប់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ស្ថិតនៅក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីបានគូសបញ្ជាក់ដែរថា “ការគោរពច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រ (UNCLOS) ឆ្នំា១៩៨២ គឺជាគន្លឹះ”។ ការលើកឡើងរបស់លោកស្រីសំដៅទៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដែលប្រទេសចិនបានផ្តល់សច្ចាប័នផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនោះ លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីបានបន្ថែមទៀតថា ទំាងឥណ្ឌូណេស៊ី និងប្រទេសអាស៊ានប្រាថ្នាចង់ឱ្យមានក្រមប្រតិបត្តិមានសកម្មភាព និងប្រសិទ្ធភាពសាច់ការជាក់ស្តែង។ ចំណែកឯភាគីរបស់ចិនវិញ លោក ឈីន ហ្គាង បានលើកឡើងដែរថា សង្គ្រាមត្រជាក់ថ្មី និងការប្រកួតប្រជែង គឺស្ថិតនៅក្នុងក្របខណ្ឌរបស់ក្រុមប្រទេសមហាអំណាចធំៗ ដែលមិនលេចឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
រំលេចឡើងវិញលើសេចក្តីថ្លែងការណ៍កាលពីគ្រាមុន ដែលធ្វើឡើងដោយជំនាន់លោក វ៉ាង យ៊ីនោះ លោក ឈីន ហ្គាង បានគូសបញ្ជាក់បន្ថែមទៀតថា ប្រទេសទំាងឡាយនៅក្នុងតំបន់មិនគួរត្រូវគេបង្ខំឱ្យងាកទៅរកម្យ៉ាងៗឡើយ។ ប្រមុខការទូតចិនរូបនេះ បានលើកឡើងថា “យើងជឿជាក់ប្រទេសឥណ្ឌូណេស៊ី និងក្រុមប្រទេសអាស៊ាន នឹងធ្វើការវាយតម្លៃប្រកបដោយភាពឯករាជ្យផ្ទាល់ខ្លួន ហើយធ្វើការជ្រើសរើសដោយផ្អែកទៅលើស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាព”។ លោកបានបន្តបែបសង្កត់ធ្ងន់ថែមទៀតថា ចិនគំាទ្រដល់ឯករាជ្យភាពបែបយុទ្ធសាស្រ្តរបស់អាស៊ាន និងគោរពដល់មជ្ឈមភាពអាស៊ាន នៅក្នុងក្របខណ្ឌនិម្មាបនកម្មតំបន់។
ពាក់ពន្ធ័នឹងបញ្ហាសមុទ្រចិនខាងត្បូង ប្រមុខការទូតចិនដដែលរូបនេះបានរំលេចបន្ថែមសារជាថ្មីបន្តទៀតថា “ឥណ្ឌូណេស៊ី និងចិន នឹងធ្វើការរួមគ្នាជាមួយនឹងរដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើម្បីអនុវត្តន៍សេចក្តីប្រកាសក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង ហើយត្រូវពន្លឿនកិច្ចចរចាដើម្បីឆ្ពោះទៅរកក្រមប្រតិបត្តិ”។
ទោះបីជាបែបណាក្តី ក្នុងជំនួបរដ្ឋមន្រ្តីការបរទេសទំាងពីរនោះ មិនបានរំលេចអំពីការចរចាថា នឹងអាចកើតមានឡើងនៅពេលណាជាក់លាក់នោះឡើយ ប៉ុន្តែកាលពីដើមខែនេះ លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីបានលើកឡើងថា កិច្ចចរចាលើបញ្ហាសមុទ្រចិនខាងត្បូងអាចនឹងកើតមានឡើងនៅក្នុងខែមីនាខាងមុខ។ គួររំលឹកផងដែរថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាប្រកួតប្រជែងលើដែនទឹកដ៏តឹងតែងបំផុតមួយនៅក្នុងចំណោមរឿងរ៉ាវនៅក្នុងពិភពលោកយើងនេះ។ ឥណ្ឌូណេស៊ីមិនមែនជារដ្ឋទាមទារលើបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ ប៉ុន្តែប្រទេសនេះធ្លាប់បានព្រលះចិនកាលពីប៉ុន្មានឆ្នំាមុនទៅលើសិទ្ធិធ្វើនេសាទកម្មនៅឯប្រជុំកោះណាទូណា(Natuna Islands) ដែលស្ថិតនៅក្បែរដែនទឹកដែលមានជម្លោះ។ រឿងរ៉ាវសមុទ្រចិនខាងត្បូងមានការទាមទារពីបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនដែលពាក់ព័ន្ធលើតំបន់ស៊ីត្រួត ក្នុងនោះរួមមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម។ ខណៈដែលសហរដ្ឋអាម៉េរិក និងក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើការប្រកួតប្រជែងដោយអះអាងលើភាពជាកម្មសិទ្ធិដែនដីនៅក្នុងតំបន់នេះជាមួយនឹងចិនផងដែរ៕