រុស្ស៊ី៖ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីសឺជេ ឡារ៉ូស ហើយនិងអ្នកការទូតជាន់ខ្ពស់ប្រទេសចិន លោក វ៉ាង យី មិនបានពិភាក្សាលើរបាយការណ៍ដែលនិយាយថា ប្រទេសចិនមានផែនការដើម្បីដោះស្រាយបញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ នៅពេលដែលមន្ត្រីការទូតទំាងពីរជួបពិភាក្សានៅក្នុងទីក្រុងម៉ូស្គូកាលពីរសៀលថ្ងៃពុធម្សិលមិញនោះ។
លោក វ៉ាង យី ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិនដែលមកបំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ចាប់តំាងពីប្រទេសរុស្ស៊ីបានលុកលុយចូលប្រទេសអ៊ុយក្រែនកាលពី១ឆ្នំាមុន។ លោក វ៉ាង យីបានជួបជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀរពុទីន និងលោក ឡារ៉ូស ខណៈដែលមានការលើកឡើងនិងក្តីរំពឹងថា ភាគីទំាងពីរអាចនឹងជជែកគ្នាជុំវិញលើលទ្ធភាពនៃផែនការសន្តិភាពរបស់ប្រទេសចិនសម្រាប់ដោះស្រាយរឿងអ៊ុយក្រែន។
តាមរយៈស្រ្តីអ្នកនំាពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី គឺលោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា(Maria Zakharova) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “យើងបានកត់សម្គាល់សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកនយោបាយលោកខាងលិចមួយចំនួន និងប្រពន្ធ័ផ្សព្វផ្សាយខ្លះទៀតបាននិយាយដល់ផែនការសន្តិភាពរបស់ប្រទេសចិន។ លោកស្រីបន្តថា ជារឿងធម្មតាក្នុងការគេងចំណេញចេញពីការពិតនេះ”។
តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួនស្វាគមន៍ចំពោះប្រទេសចិនក្នុងកាន់តួនាទីសកម្មភាពបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានលើកឡើងបែបខ្លីថា វាជាគុណតម្លៃនៃ “អភិក្រមធ្វើឱ្យមានតុល្យភាព” ខណៈដែលទីក្រុងប៉េកំាងបានត្រៀមខ្លួនរួចជាស្រេចដើម្បី “ដើរតួជាអ្នកស្ថាបនា”។
គួររំលឹកដែរថា កន្លងមកប្រទេសទំាងពីរ ពោលគឺ ចិន និងរុស្ស៊ីបានបង្ហាញជាភាពជាដៃគូបែបយុទ្ធសាស្រ្ត “គ្មានដែនកំណត់” ដែលការអះអាងបែបនេះបានធ្វើឡើងនៅមុនពេលប៉ុន្មានថ្ងៃនៃការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំាមុនទៅលលើប្រទេសអ៊ុយក្រែន ដែលបន្តបន្ទាប់មកទៀតប្រទេសទំាងពីរនេះបានធ្វើសហសមយុទ្ធយោធារួមគ្នានៅសមុទ្រជប៉ុន សមុទ្រចិនភាគខាងកើត និងតំបន់មហាសាគរប៉ាស៊ីហ្វិកភាគបស្ចិមជាដើម៕