(កម្ពុជា)៖ ក្រុមបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន សប្តាហ៍ក្រោយ ហើយថ្នាក់ដឹកនាំកំពូលកីឡាប្រភេទនេះរំពឹងថា អត្តពលិកនឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតពីក្រុមជប៉ុន ដើម្បីដណ្តើមមេដាយមាសការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅដើមខែមិថុនាខាងមុខ។
នេះជាការបញ្ជាក់របស់ ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ក្នុងពិធីជូនដំណើរអត្តពលិកបាល់បោះរទេះជនពិការកម្ពុជា ទៅដោះដូរបទពិសោធន៍នៅជប៉ុនដែលរៀបចំដោយស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម បានប្រាប់អ្នកសារព័ត៌មានថា កម្មវិធីទស្សនកិច្ចទៅប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ដើម្បីប្រមូលបានបទពិសោធន៍ ត្រៀមប្រកួតដណ្តើមមេដាយមាសក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។
ឯកឧត្តម អ៊ុអិណុ អាត្សឹស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានជូនពរកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ។ ខណៈនោះឯកឧត្តមបានបន្តថា អត្តពលិកដែលទៅជប៉ុននឹងចូលរួមសិក្ខាសាលា ដែលរៀបចំដោយសហព័ន្ធកីឡាប៉ារ៉ាជប៉ុន ស្តីពីសកម្មភាពកីឡាប៉ារ៉ានៅជប៉ុន ព្រមទាំងមានកម្មវិធី ហ្វឹកហាត់រួមគ្នាជាមួយក្រុមជប៉ុនផងដែរ។ បាល់បោះរទេះជនពិការ មានការពេញនិយមនៅក្នុងប្រទេសជប៉ុនយូរណាស់មកហើយ ប៉ុន្តែមានការចាប់អារម្មណ៍ខ្លាំងពេលក្រុមបុរសបាល់បោះរទេះជនពិការជប៉ុនឈ្នះមេដាយប្រាក់អូឡាំពិក។ ឯកឧត្តម រំពឹងថាអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ នឹងលើកកម្ពស់ការយល់ដឹងអំពីកីឡាបាល់បោះរទេះជនពិការនៅកម្ពុជា ហើយវានឹងក្លាយជាឱកាសសម្រាប់មនុស្សជាច្រើន ចាប់អារម្មណ៍លើកីឡាប្រភេទនេះ។ ឯកឧត្ត ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរអរគុណដល់ស្ថានទូតជប៉ុននៅកម្ពុជាដែលបង្ករលក្ខណៈដល់អត្តពលិកកម្ពុជា ហើយបានបញ្ជាក់ថានេះជាផ្នែកមួយ ក្នុងចំណោមផ្នែកជាច្រើនដែលជប៉ុនបានជួយ។
អត្តពលិកបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ក្នុងកម្មវិធី បណ្តាញផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុន អាស៊ីបូព៌ា ក្រោមប្រធានបទ ជប៉ុន កម្ពុជា ដោះដូរបទពិសោធន៍កីឡាប៉ារ៉ា។ហើយនឹងប្រើប្រាស់បទពិសោធន៍ដែលទទួលបាននៅជប៉ុន ដើម្បីសម្រេចនូវ លទ្ធផលដ៏ល្អនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ដើមខែមិថុនា។ទាក់ទងនឹងដំណើរទៅកាន់ប្រទេសជប៉ុន កីឡាការិនី សៀង សុខចាន់ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងដែលស្ថានទូតជប៉ុន ផ្តល់ឱកាស ក្នុងការដោះដូរបទពិសោធន៍ជាមួយក្រុមជប៉ុន ក្នុងន័យពង្រឹងសមត្ថភាព លើសពីនេះក៏នឹងផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក។
សូមរំលឹកថា អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២នៅទីក្រុងសូឡូ ឥណ្ឌូនេស៊ី បាល់បោះរទេះជនពិការនារីកម្ពុជា វិញ្ញាសា ៣នាក់ទល់៣នាក់ ឈ្នះមេដាយមាស និងឈ្នះមេដាយប្រាក់លើវិញ្ញាសាជាក្រុម។ ចំនែកបាល់បោះបុរស កម្ពុជា ដណ្តើមបានមេដាយប្រាក់ វិញ្ញាសា ៥នាក់ទល់នឹង៥នាក់៕