(ការ៉ាតេ)៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១០ ខែកុម្ភៈបានផ្ដល់ប្រាក់រង្វាន់ដល់ជយលាភីកីឡារ៉ាតេ ២ព្រឹត្តិការណ៍គឺការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីលើកទី១៧ ឆ្នាំ២០២១ នៅទីក្រុងអាល់ម៉ានី ប្រទេសកាហ្សាក់ស្ថាន និងការប្រកួតកីឡាការ៉ាតេជ្រើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញដែលមានទឹកប្រាក់សរុបចំនួន ២៨៦លានរៀល។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ។ យោងតាមរបាយការណ៍សហព័ន្ធសម្រាប់ការប្រកួតជើងឯកអាស៊ីលើកទី១៧ នៅទីក្រុងអាល់ម៉ានីកាលពីចុងឆ្នាំ២០២១ ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី លឹម សុខវិច្ឆិកា និងកីឡាការិនី ឆន ស្រីភា លើវិញ្ញាសាប្រយុទ្ធឯកត្តជន។ សម្រាប់មេដាយសំរឹទ្ធកម្រិតអាស៊ីនេះក្នុង ១គ្រឿងទទួលបាន ១៦លានរៀល ខណៈគ្រូបង្វឹកទទួលបាន ១០០% ស្មើកីឡាករ-កីឡាការិនីជយលាភី និងគ្រូជំនួយទទួលបាន ៧០%។ ដូច្នេះព្រឹត្តិការណ៍នេះ រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់រង្វាន់សរុបចំនួន ៨១លាន និង ៦០ម៉ឺនរៀល។
ដោយឡែកការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ នៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២២ វិញ ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជាដណ្ដើមបានមេដាយសរុប ៧គ្រឿងលើ ៧វិញ្ញាសា រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៥ លើវិញ្ញាសាប្រយុទ្ធឯកត្ដជន និងប្រយុទ្ធជាក្រុម។ សម្រាប់ជយលាភីការប្រកួតជើងឯកអាស៊ាននេះ មេដាយមាស ទទួលបាន ១២លានរៀល, មេដាយប្រាក់ទទួលបាន ១០លានរៀល និងសំរឹទ្ធទទួលបាន ៨លានរៀល។ រីឯគ្រូបង្វឹកទទួលបាន ១០០% ស្មើកីឡាករ-កីឡាការិនីជយលាភី និងគ្រូជំនួយក៏បានទទួល ៧០% ផងដែរ។ សរុបប្រាក់រង្វាន់រាជរដ្ឋាភិបាលផ្ដល់ជូនម្ចាស់ជយលាភីក្នុងព្រឹត្តិការណ៍នេះគឺមានចំនួន ២០៤លាន និង ៤០ម៉ឺនរៀល។ ដូច្នេះសរុបទាំង ២ព្រឹត្ដិការណ៍អន្ដរជាតិនេះ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជយលាភី និងគ្រូបង្វឹក គ្រូជំនួយសរុបចំនួន ២៨៦លានរៀល។
បន្ថែមលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្នុងនាមប្រធានសហព័ន្ធក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់គ្រូបង្វឹក គ្រូជំនួយ និងអាជ្ញាកណ្ដាល-ចៅក្រមប្រឡងជាប់កម្រិត A និងកម្រិត B និងកីឡាករ-កីឡាការិនីជយលាភីក្នុងការប្រកួតជើងឯកអាស៊ីលើកទី១៧ នៅប្រទេសកាហ្សាក់ស្ថានផងដែរ ដែលសរុបថវិកាលើកទឹកចិត្តរបស់ប្រធានសហព័ន្ធគឺមានចំនួន ៣១លានរៀល។ ជាមួយការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ពិសេសថវិការបស់រាជរដ្ឋាភិបាលក្នុងនាមសហព័ន្ធ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បានសម្ដែងការអរគុណចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំលើគ្រប់វិស័យកីឡា ពិសេសកីឡាការ៉ាតេ។ ឯកឧត្តមបានចាត់ទុកការឧបត្ថម្ភគាំទ្រនេះ គឺជាកម្លាំងចិត្ដមួយដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនី សម្រាប់ការខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលឆាប់ៗខាងមុខ៕