ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក ហុក សុផល អភិបាលរងខេត្ត និងមានការចូលរួមពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សា ចៅសង្កាត់ទាំងបីសង្កាត់រួមមាន ៖ សង្កាត់ប៉ៃលិន សង្កាត់អូរតាវ៉ៅ សង្កាត់ទួលល្វា កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ សហការជាមួយក្រុមយុវជន ស.ស.យ.ក ខេត្ត បានធ្វើយុទ្ធនាការដើម្បីធ្វើការដើរសម្អាតអនាម័យរើសសម្រាមនៅតាមចិញ្ចើមផ្លូវទូទាំងក្រុងប៉ៃលិន។
នៅក្នុងការធ្វើយុទ្ធនាការរើសសម្រាមសំអាតអនាម័យទីក្រុងនេះ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយបានការណែនាំពី លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំប្រមូលកម្លាំងចុះដើរសំអាតនៅតាមចិញ្ចើមផ្លូវ ព្រមទាំងទុកដាក់សំរាមអោយបានត្រឹមត្រូវ និងដើម្បីបំផុសចលនា ឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ចេះស្រឡាញ់បរិស្ថាន និងថែរក្សាសុខភាពផ្លូវដង្ហើមក្នុងការរស់នៅប្រចាំថ្ងៃ ។ លោកបន្តទៀតថា បញ្ហាសំរាមនេះ ពិតជាប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមខ្លាំង និងធ្វើឱ្យបាត់ បង់នូវសោភ័ណភាពទីក្រុងថែមទៀតផង។ ដូច្នេះ ដើម្បីរក្សាបរិស្ថាន និងបង្កើនស្មារតីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថានទីក្រុងប៉ៃលិន ព្រោះជាកន្លែងរស់នៅរបស់ខ្លួន ហើយក្រុមការងារបានធ្វើជាគំរូដល់ប្រជាពលរដ្ឋឱ្យឃើញសកម្មភាព ដើម្បីឱ្យពួកគាត់ចេះអៀនខ្មាស់មិនហ៊ានចោលសំរាមផ្តេសផ្តាស់។
ជាមួយគ្នានោះផងដែរ ក្រុមការងាររដ្ឋបាលខេត្ត តែងតែដឹកនាំក្រុមការងារ ចុះរើសសម្រាមសម្អាតទីក្រុង ជាប់ជានិច្ចដូចភ្លៀងរលឹម ដើម្បីងាយស្រួលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងក្នុងខេត្ត ប៉ៃលិន កាន់តែច្រើនកុះករផងដែរ៕