រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមដំណើរដោយនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និងជានាយសេនាធិការ យោធភូមិភាគទី៥ ព្រមទាំងក្រុមការងារមួយចំនួនទៀតបានអញ្ជើញចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន កងពលតូចថ្មើជើងលេខ៥២។
មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ដែលបានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់ អាវុធចំណុះគណៈបញ្ជាការឯកភាពទិសទី៣ យោធភូមិភាគទី៥ នាពេលនេះ។ លោកបានមានប្រសាសន៍ថា ក្នុងបរិបទដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខ្នះខ្នែងខិតខំរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ គ្រប់ស្រទាប់ជាន់ថ្នាក់ ទូទាំងប្រទេស ពីដូសទី១ ដល់ដូសទី៥ ដោយឥតគិតថ្លៃ និងមានគោលនយោបាយដោះស្រាយទាន់ពេលវេលាជូនប្រជាជន ដែលរងគ្រោះដោយជម្ងឺកូវីដ១៩ និងជនក្រីក។ លើសពី នេះទៅទៀត សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កងកម្លាំង ធ្វើឲ្យកងកម្លាំង ទទួល បានទឹក ភ្លើង ផ្លូវ គ្រឿងចក្រ អគារស្នាក់នៅ កន្លែងធ្វើការ សម្ភារៈសំណង់ច្រើនប្រភេទ គ្រឿងបរិក្ខាប្រើប្រាស់ បំរើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ និងឧបត្ថម្ភប្រាក់បុណ្យ របបម្ហូបបន្ថែម ដល់កងកម្លាំងជួរមុខ។ ជាក់ស្តែង ថ្ងៃនេះតាមរយៈការអញ្ជើញចុះសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ក៏មានការឧបត្ថម្ភជូននូវអាវរងារ និងអំណោយជាច្រើនដទៀត ល់កងកម្លាំង ក្នុងទិសទី៣ យោធភូមិភាគទី៥ ទៀតផង។ លោកបានបន្តទៀតថា ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចទាំងទ្វេរ កងកំលាំងទាំងអស់សូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ៗ អណត្តិ និងសូមគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេន ពីសម្តេចតេជោហ៊ុន សែន។ លោកបានមានប្រសាសន៍បន្តទៀតថា ដោយអនុវត្តតាមផែនការ របស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ បណ្តាកងឯកភាពចំណុះទិសទី៣ ពង្រឹងបានប្រៀបការពារជាតិ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការគ្រប់គ្រងកម្លាំង ការការពារខ្សែបន្ទាត់ព្រំដែន ការពារសុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា ចាត់តាំងហ្វឹកហ្វឺន អប់រំរៀនសូត្រ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ព្រមទាំងចាត់តាំងធានាកម្លាំង អន្តរាគមន៍ ដើម្បីត្រៀមដោះស្រាយ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះជាយថាហេតុ និងយកចិត្តទុកដាក់កសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់នាយ និងពោលទាហានទាំងអស់ ក្នុងការការពារជាតិ ទឹកដី ការពារប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុត្តិធម៌។ ឯកឧត្តមបានមានប្រសាសន៍ថា កងទ័ពទាំងអស់ត្រូវមានអព្យាក្រឹត្យចំពោះគណបក្សនយោបាយទាំងអស់ ក៏ប៉ុន្តែមិនត្រូវមានអព្យាក្រឹត្យចំពោះរាជរដ្ឋាភិបាលនោះឡើយ ពោល ត្រូវគោរពឱ្យបានដាច់ណាត់នូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការការពារជាតិ ប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់របស់យើង មិនឱយក្រុមមណាមួយ ឬជនណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាជន បំផ្លាញសុខសន្តិភាព ដែលថ្នាក់ក់ដឹកនាំរបស់យើងរកបានដោយលំបាកនោះតាមរយៈការធ្វើបដិវត្តន៍ពណ៌នោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសុខ សន្តិភាព និងមានភាពស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសនានានៅលើសាកលលោក។ ផ្តើមចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម ក្លាយជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន មានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសធំៗ ជឿនលឿន ជាច្រើនបានមកចូលរួមប្រជុំ នៅក្នុងប្រទេសកម្ពុជាយើង ហើយថ្នាក់ដឹកនាំរបស់យើងក៏ត្រូវបានផ្ដល់ឱកាសចូលរួមដោះស្រាយបញ្ហាធំៗរបស់សាកលលោកផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្នុងរយៈកាលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងរងគ្រោះដោយការរាតត្បាតនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង បានធ្លាក់ចុះរហូតទៅដល់-3% ក្នុងឆ្នាំ២០២០ ប៉ុន្តែក៏មានកំណើនឡើងវិញយ៉ាងឆាប់រហ័សដោយមកដល់ឆ្នាំ២០២២នេះ យើងសង្ឃឹមថានឹងទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ ៥% ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
សូមបញ្ជាក់ថាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី នាពេលនោះរួមមាន អង្ករ ២០០ គក មី ១៤ កេស ត្រីខកំប៉ុង ៥ កេស ទឹកដោះគោ ១០ កេស ទឹកត្រី ៣ កេស ប៊ីចេង ១៦ កញ្ចប់ ទឹកសុទ្ធ ៥០ កេស និងម៉ាស ១៥ កេស៕