(ចិន)៖ ប្រធានកិច្ចការពាណិជ្ជកម្ម របស់សហគមន៍អឺរ៉ុប បានថ្លែងប្រាប់ ដល់រដ្ឋាភិបាលទីក្រុងប៉េកំាងកាលពីថ្ងៃចន្ទថា ច្បាប់សន្តិសុខតឹងរឹង ហើយនិងបរិយាកាសធ្វើធុរកិច្ចមានលក្ខណៈចង្អៀតបែបនយោបាយ បានធ្វើឱ្យក្រុមហ៊ុនទំាងឡាយ ដែលមកពីតំបន់អឺរ៉ុបនៅសេសសល់បាន និងកំពុងតែតស៊ូដើម្បីឈ្វេងយល់អំពីកាតព្វកិច្ច និងចម្ងល់ទំាងឡាយរបស់ពួកគេលើបញ្ហាអនាគតនៅក្នុងប្រទេសចិន។
ស្នងការពាណិជ្ជកម្មលោកវ៉ាល់ឌីស ដុមប្រុសស្គី(Valdis Dombrovskis) បាននិយាយនៅឯសាកលវិទ្យាល័យសិង្ហហ៊ួ(Tsinghua)ដ៏ល្បីនៅក្នុងរដ្ឋធានីប៉េកំាងថា ការបដិសេធមិនថ្កោលទោសលើសម្ព័ន្ធមិត្តរបស់ខ្លួនពីសំណាក់ប្រទេសចិនទៅលើប្រទេសរុស្ស៊ីដែលធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះ ក៏ជាផ្នែកមួយបង្កឱ្យមាន “ហានិភ័យលើកេរ្តិ៍ឈ្មោះ” សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី២របស់ពិភពលោកមួយនេះផងដែរ។ លោកស្នងការពាណិជ្ជកម្មរូបនេះបានបន្តទៀតថា តម្លាភាព និងភាពបើកទូលាយ គឺជា “យុទ្ធសាស្រ្តឈ្នះមួយនៅក្នុងដំណើរការរយៈពេលវែង” នៅក្នុងគ្រាមានសភាពតានតឹងលើវិស័យពាណិជ្ជកម្មរវាងប្លុកសហគមន៍អឺរ៉ុប ហើយប្រទេសចិន។
មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបដដែលរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា “ប្រទេសចិនគឺមានភាពប្រកួតប្រជែងឈានមុខលើវិស័យធុរកិច្ចដែលផ្អែកលើមូលដ្ឋានទូលំទូលាយច្រើន” ហើយការណ៍នេះត្រូវការភាពបើកទូលាយខ្លំាងដែរ។ ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោកវ៉ាល់ឌីស ដុមប្រុសស្គី(Valdis Dombrovskis) ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍មកកាន់ប្រទេសចិន បន្ទាប់ពីមានរបាយការណ៍មួយដែលចេញផ្សាយដោយសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបបានបង្ហាញថា ភាពជឿជាក់ផ្នែកការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិនហាក់មានកំរិតកាន់តែទាប នៅក្នុងរយៈពេលប៉ុន្មានឆ្នំាថ្មីៗនេះ។ ពាក់ព័ន្ធនឹងរបាយការណ៍សភាពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុបនេះដែរ ក្រសួងពាណិជ្ជកម្មប្រទេសចិនឯណេះបានថ្លែងថ្កោលទោសទៅលើវិធានការណ៍អឺរ៉ុបដែលលើកឡើងថា នោះជា “កិច្ចការពារនិយមដោយគ្មានមូលដ្ឋានរបស់សហគមន៍អឺរ៉ុប”។ ក្រសួងពាណិជ្ជកម្មចិនបានបន្តទៀតថា “វានឹងជះឥទ្ធិពលមិនល្អទាល់តែសោះដល់ពាណិជ្ជកម្មអឺរ៉ុប-ចិន និងទំនាក់ទំនងពាណិជ្ជកម្ម”។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុបដដែលរូបនេះ នៅក្នុងប្រទេសចិន លោកបានគូសបញ្ជាក់បែបចំៗថា ការកើនឡើងនូវការប្រកួតប្រជែងសម្រាប់ពាណិជ្ជកម្មសហគមន៍អឺរ៉ុបនៅក្នុងប្រទេសចិន មានន័យថា “ជាអ្វីដែលគេភាគច្រើនមើលឃើញថាជាទំនាក់ទំនង “ឈ្នះ-ឈ្នះ” ក្នុងពេលអតីតកាលរាប់ទសវត្សរ៍កន្លងមក តែពេលនេះវាបានក្លាយទៅជាការស្ទុះឡើង(ជវភាព)នូវភាព “ចាញ់-ចាញ់” ដែលអាចនឹងកើតមានឡើងក្នុងពេលប៉ុន្មានឆ្នំាខាងមុខនេះដែរ”។ មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុបបានលើកឡើងបន្ថែមទៀតថា ច្បាប់ទំនាក់ទំនងបរទេសថ្មីរបស់ចិន មានគោលដៅដើម្បីប្រយុទ្ធប្រឆំាងទៅនឹងការដាក់ទណ្ឌកម្មបរទេសមកលើចិន ហើយការធ្វើបច្ចុប្បន្នភាពលើនិយ័តកម្មប្រឆំាងនឹងចារកម្មតឹងរឹងរបស់ប្រទេសចិនគឺជាក្តីកង្វល់ធំ ចំពោះសហគមន៍ពាណិជ្ជកម្មរបស់យើង។
ជាចុងក្រោយមន្ត្រីជាន់ខ្ពស់ដដែលរូបនេះបានរំលេចបែបព្រមានបន្ថែមទៀតថា “ភាពមិនច្បាស់លាស់របស់ពួកគេនោះ ដូចជាទុកឱកាសឱ្យមានការបកស្រាយតាមអ្វីដែលចង់ដូច្នោះដែរ”។ ដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ()បានឱ្យដឹងដែរថា ប្រទេសចិនកំពុងតែស្វះស្វែងរកការរក្សាជំហជាភាគីអព្យាក្រិត្យមួយនៅក្នុងរឿងជម្លោះអ៊ុយក្រែន ខណៈដែលរដ្ឋការទីក្រុងម៉ូស្គូផ្តល់ឱ្យនូវកិច្ចគំាពារហិរញ្ញវត្ថុនិងការទូតដ៏សំខាន់ គាប់ជួនគ្នានឹងសភាពស្ថិតនៅជាឯកា(ម្នាក់ឯង) ពីសហគមន៍អន្តរជាតិកាន់តែជ្រាលជ្រៅទៅៗ៕