(ឥណ្ឌា)៖ អំឡុងប្រទេសកាណាដា និងឥណ្ឌា កំពុងតែប្រឈមមុខដាក់គ្នាខាងការទូតរួចជាស្រេចទៅហើយនោះ នៅខណៈនេះ ក្រុមហិណ្ឌូសាសនិកមួយក្រុមមានឈ្មោះថា ហិណ្ឌូរួបរួមជួរមុខ (United Hindu Front) បានចាប់ដៃគ្នាចេញមកធ្វើការតវ៉ានៅក្នុងទីក្រុងញូវដេលី (New Delhi) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីបង្ហាញការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោកចាស់ស្ទ៊ីនទ្រូដូ (Justin Trudeau) ។
តាមរយៈរូបភាពវីដេអូដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបាន បានបង្ហាញអំពីទិដ្ឋភាពនៃអ្នកតវ៉ាមួយក្រុមតូច ស្ថិតនៅឯទីតាំងនៃឧទ្យានប្រវត្តិសាស្ត្រចន្ថាមន្ថា (Jantar Mantar) ក្នុងរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា ដោយពួកគេ កំពុងតែនាំគ្នាស្រែកទៅតាមពាក្យស្លោក ដើម្បីបង្ហាញការប្រឆាំងនឹងលោកទ្រូដូ ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ។ គួរបញ្ជាក់ថា វត្តមាននៃភាពតានតឹងរវាងប្រទេសឥណ្ឌា និងកាណាដា បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា បានលើកឡើងថា កាណាដាមាន “ភស្តុតាងនៃការចោទប្រកាន់យ៉ាងជាក់លាក់” នៅក្នុងដៃ ដោយមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា ជុំវិញករណីឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា ទៅលើមេដឹកនាំផ្តាច់ខ្លួននិកាយសិក្ខ (Sikh) ជនជាតិកាណាដា ដែលតែងតែចេញមុខគាំទ្រឱ្យមានការបង្កើតទឹកដីកំណើតឯករាជ្យសម្រាប់ក្រុមនិកាយសិក្ខ ដែលមានឈ្មោះថា “ខាលីស្ថាន” (Khalistan) បើទោះបីជាតំបន់នោះគឺជាទឹកដីនៃប្រទេសឥណ្ឌាក៏ដោយ ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារប្រឆាំងភេរវកម្មសហព័ន្ធរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា បានអះអាងថា ខ្លួនបានរឹបអូសយកទ្រព្យសម្បត្តិពីក្រុមជនសកម្មប្រយុទ្ធខាលីស្ថាន (Khalistani) ដែលខ្លួនបានចោទប្រកាន់អំពីសកម្មភាពភេរវកម្មនៅក្នុងប្រទេសឥណ្ឌា ។ ដោយឡែក មន្ត្រីអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោកចនឃើប៊ី (John Kirby) បានលើកឡើងថា សហរដ្ឋអាម៉េរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់កម្រិតធ្ងន់របស់កាណាដា ដែលថាឥណ្ឌា មានជាប់ពាក់ព័ន្ធនៅក្នុងករណីឃាតកម្មទៅលើមេដឹកនាំនិកាយសិក្ខ (Sikh) ។
ប៉ុន្តែទោះជាបែបណាក្តី សហរដ្ឋអាម៉េរិក បានជំរុញឱ្យទីក្រុងញូវដេលីរបស់ឥណ្ឌាសហការគ្នាជាមួយកាណាដា ក្នុងការស៊ើបអង្កេតលើករណីនេះ ក៏ព្រោះតែសហរដ្ឋអាម៉េរិក ជឿជាក់ថា ការស៊ើបអង្កេតប្រកបដោយតម្លាភាព គឺជាវិធីសាស្ត្រដ៏ត្រឹមត្រូវ ហើយនេះក៏ជាហេតុផលដែលសហរដ្ឋអាម៉េរិកលើកទឹកចិត្តឥណ្ឌាឱ្យសហការជាមួយកាណាដា ៕