(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីផ្នែកអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ចាំបាច់ពង្រឹងការងារជំនាញ ប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកបង្កើនការចូលរួមលើកកម្ពស់វិស័យបរិស្ថានបានកាន់តែច្រើន និងចំណេះដឹងបរិស្ថានដល់សាធារណជន ឲ្យកាន់តែមានប្រសិទ្ធភាព។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ស្ថិតនៅទីស្តីការក្រសួង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានកំណត់បេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ ការលើកកម្ពស់ប្រសិទ្ធភាព ការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រឹត្យកម្ម បរិស្ថានកិច្ច»។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ មន្រ្តីជំនាញត្រូវខិតខំអនុវត្តន៍សម្មភាព ពង្រឹងកម្មវិធីអប់រំបរិស្ថាន ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការគ្រប់គ្រង ស្រាវជ្រាវបច្ចេកវិទ្យាបរិស្ថាន ដើម្បីចែករំលែកចំណេះដឹង ដល់មហាជនឲ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់ ។