ខេត្តរតនគិរី៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានករណីជំងឺភ្នែកក្រហម ចំនួន ៩៣ករណី ( ស្រី ៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសថា ករណីនេះ បានកើតឡើង ដោយសារមានករណីដំបូង ដែលមានអ្នកភូមិ ចំនួន ៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូន នៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់នឹងភូមិប៉ក់តូចនេះ។
មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្ថែមថា ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ និងផ្តល់ការព្យាបាលថែទាំអ្នកជំងឺ ព្រមទាំងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានប្រកាសពីរបៀបឆ្លង និងការព្យាបាលថែទាំជំងឺក្រហមភ្នែក រួមមាន៖
របៀបនៃការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយៈ៖
១-ការប៉ះពាល់ផ្ទាល រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម
២-តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់
៣-ប៉ះពាល់របស់ រឺផ្ទៃវត្ថុ ដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក
ចំណែកវិធីការពារការឆ្លងជំងឺភ្នែកក្រហម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ
២-ជៀសវាងប៉ះ រឺញីភ្នែក
៣-ជៀសវាងការប្រើប្រាស់របស់របររួមគ្នា
៤-ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែក ដែលឈឺ ទៅប្រើភ្នែក ដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា ករណីភាគច្រើននៃជំងឺភ្នែកក្រហម គឺស្រាល។ ជាធម្មតា ការឆ្លង នឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។
ទោះយ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា ក្នុងករណីខ្លះ ការរលាកភ្នែក ដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះ ដើម្បីជាសះស្បើយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានលើកឡើងថា ការព្យាបាល រួមមាន ថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានប្រកាសអំពាវនាវ សូមបងប្អូន ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់ បើឃើញកើតជំងឺភ្នែកក្រហមជាច្រើន ក្នុងកន្លែងធ្វើការ សាលារៀន និងនៅក្នុងសហគមន៍។ ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ 115៕