ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន , លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកងកំលាំងនគរបាលក្រុង ស្រុក និង កងរាជអាវុធហត្ថខេត្ត ចុះបើកយុទ្ធនាការធ្វើតេស្តទឹកនោម រកសារធាតុញៀនលើអ្នកបើកបរថយន្តដឹកទំនិញ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងឃាត់អ្នកបើកបរម៉ូតូ ដែលមិនបានពាក់មួកសុវត្ថភាព ឬមិនមានកញ្ចក់សំរាប់មើលក្រោយ មកអប់រំណែនាំបន្ថែម អំពីច្បាប់ចរាចរ និងការផាកពិន័យ ការដាក់ទោសទណ្ឌនានា ចំពោះការបង្ករគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវ។ ការចុះប្រតិប័ត្តការនេះ បានធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ដែលគោលដៅទី១ គឺធ្វើឡើងនៅលើដងផ្លូវជាតិលេខ៥៧ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងគោលដៅទី២ គឺធ្វើឡើងនៅជិតច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃ (ខេត្តប៉ៃលិន និង ចាន់បូរីប្រទេសថៃ) ដោយមានការចូលរួមសហការពីកងកំលាំងមានសមត្ថិច្ចរបស់ប្រទេសថៃផងដែរ។
លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖យុទ្ធនាការនេះធ្វើឡើងក្រោមការណែនាំ និងចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មុននឹងមានការចុះផាកពិន័យចំពោះប្រជាពលរដ្ឋអ្នកបើកបរ ម៉ូតូ ដែលមិនមានពាក់មួកសុវត្ថភាព និងទប់ស្កាត់កុំអោយមានការប្រើប្រាស់សារធាតុញៀនចំពោះអ្នកបើកបររថយន្តដឹកទំនិញធំៗ ដែលជាដើមហេតុដ៏ចំបងមួយក្នុងការបង្ករគ្រោះថ្នាក់ចរាចរ។ លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម បានមានប្រសាសន៍បន្តថា កត្តាមនុស្សមានភាគរយច្រើនណាស់ក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលបង្ករអោយមានរបួសស្នាមធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្ត មានដូចជា៖ ការបើកបរក្នុងស្ថានភាពស្រវឹង ការសេបគ្រឿងញៀន ការវ៉ា ជែងដោយគ្មានការប្រុងប្រយ័ត្ន ការបើកបរហួសល្បឿនកំណត់ ការងោកងុយ និងការធ្វេសប្រហែងផ្សេងៗទៀតជាដើម។ ហេតុនេះប្រជាពលរដ្ឋអ្នកបើកបរលើដងផ្លូវទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន មានមនសិការ ក្នុងការចូលរួមអនុវត្តច្បាប់ចរាចរ ដើម្បីសុវត្ថភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកដទៃ ឬជៀសផុតពីការផាកពិន័យរបស់នគរបាលចរាចរ។ លោកបានបន្តទៀតថា យុទ្ធនាការពេលនេះ ក៏ជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋបន្ថែមទៀត អោយចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា, បើកបរម៉ូតូត្រូវពាក់មួកសុវត្ថភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ទោះផ្លូវជិត ឬផ្លូវឆ្ងាយ, ម៉ូតូត្រូវមានកញ្ចក់មើលក្រោយ បើមិនចង់អស់លុយដែលនគរបាលផាកពិន័យចំនួន ៦ម៉ឺន ឬ១២ម៉ឺន ឬលើសពីនេះទៅតាមកំរិតនៃបទល្មើស ដែលមានចែងក្នុងច្បាប់ចរាចរ៕ អត្ថបទ៖ លោកវួច ពឿន ប្រធាន AKP ខេត្តប៉ៃលិន