រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងរដ្ឋបាលក្រុងប៉ៃលិន រៀបចំធ្វើទិវាពិភពលោកស្អាត(WORLD CLEANUP DAY) នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីអនាម័យ ការសំអាតបរិស្ថាន និងការផ្សព្វផ្សាយអំពីការចូលរួមយុទ្ធនាការកម្ពុជាស្អាត ក៏ដូចជាគាំទ្រលើកទឹកចិត្តបន្ថែមទៀតដល់អ្នកពាក់ព័ន្ធ ក្នុងការចូលរួមគ្រប់សកម្មភាពសំអាតនៅតាមទីតាំងទាំងអស់ ពិសេសក្រុងប៉ៃលិន ដែលជាបេក្ខភាព ត្រូវត្រៀបប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អនិងបដិសណ្ឋារកិច្ចល្អ។ ដែលពិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ អាជ្ញាធរក្រុង លោក-លោកស្រីចៅសង្កាត់ទាំង៤សង្កាត់ យុវជនកាកបាទ យុវជន សសយក និងសិស្សានុសិស្សសរុបប្រមាណ ៣៦០នាក់។ លោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការរៀបចំទិវាពិភពលោកស្អាត នាពេលនេះ ដើម្បីចូលរួមជាមួយពិភពលោក ក៏ដូចជាចូលរួមចំណែកបន្ថែមទៀតក្នុងការផ្សព្វផ្សាយល់ដឹងដល់ប្រជាពលរដ្ឋ ពិសេសអង្គភាព ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ ម្ចាស់អាហារដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានចូលរួមគាំទ្រសំដៅរួមចំណែកធ្វើជាម្ចាស់ នៃភាពស្អាតបៃតង ដើម្បីសុខមាលភាពទាំងអស់គ្នា សំដៅកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង និងការរស់នៅស្អាត។ លោកអភិបាលរងខេត្តបានបន្តថា ដើម្បីធានាបានសោភ័ណភាពល្អ បរិស្ថានស្អាត និងសុខភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ហើយកត្តាទាំងនេះដំណើរការទៅបានទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋ ដោយត្រូវលុបបំបាត់ ទម្លាប់ចោលសំរាមពាសវាលពាសកាល មកអនុវត្តការវេចខ្ចប់ និងញែកសំរាមតាមប្រភេទ រៀបចំទីលាន និងកែឆ្នៃសំរាមតាមលក្ខណៈបច្ចេកទេសវិញ។
ក្នុងទិវាពិភពលោកស្អាតលើកទី៦នេះ លោក ងួន លីណា អភិបាលរងខេត្តក៏បានសំណូមពរសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយសម្អាតអនាម័យបរិស្ថាន ដោយទុកដាក់សម្រាមឲ្យបានត្រឹមត្រូវមិនត្រូវយកសំរាមមកបោះចោលពាសវាលពាសកាល ដោយមិនគិតពីការប៉ះពាល់ដល់សោភ័ណភាពទីក្រុងស្អាត ដែលបច្ចុប្បន្នទាំងអាជ្ញាធរខេត្តប៉ៃលិនក៍ដូចជាអាជ្ញាធរក្រុង ឃុំ ភូមិ មានការខិតខំចូលរួមធ្វើពលកម្ម បោសសម្អាតអនាម័យ បរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត មានអនាម័យល្អសមនឹងកិត្តិនាមដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងរំដួលពីរទងតទៅទៀតផងដែរ។ ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំអភិវឌ្ឍន៍អោយខេត្តប៉ៃលិនយើងមានភាពស្រស់ស្អាតនិងទាក់ទាញគ្រប់ទីកន្លែង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកដំណើរកំសាន្ត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរទៀតផង៕