(អង់គ្លេស) ៖ ក្លិបតោខៀវ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ Moises Caicedo របស់ក្លិប Brighton & Hove Albion នៅក្នុងតម្លៃកំណត់ត្រារបស់ចក្រភពអង់គ្លេស ១១៥លានផោន ដែលស្មើនឹង ១៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១១១លានផោន សម្រាប់ខ្សែបម្រើសញ្ជាតិអេក្វាឌ័រវ័យ២១ឆ្នាំរូបនេះ ប៉ុន្តែចំណាប់អារម្មណ៍របស់ Caicedo គឺចង់ចូលរួមជាមួយនឹង Chelsea ជាង ហើយនៅទីបំផុត ពួកគេបានជោគជ័យជាមួយនឹងការដេញថ្លៃ នៅក្នុងតម្លៃបំបែកកំណត់ត្រា នៃលីគបាល់ទាត់អង់គ្លេស បន្ទាប់ពីមានសំណើជាច្រើនជាបន្តបន្ទាប់ ដែលត្រូវបានបដិសេធដោយក្លិប Brighton ។
ជាមួយនឹងតម្លៃនេះ មានន័យថា Chelsea នឹងបំបែកកំណត់ត្រាផ្ទេររបស់អង់គ្លេសចំនួន ២ដងនៅក្នុងឆ្នាំ ២០២៣ ឬ ការបំណែកកំណត់ត្រាខ្លួនឯង បន្ទាប់ពីការនាំយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Enzo Fernandez ពីក្លិប Benfica កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងតម្លៃ ១០៧លានផោន ដែលជាតម្លៃការផ្ទេរថ្លៃបំផុតនៅអង់គ្លេស។ Caicedo មិនបានចូលរួមក្រុមម្ចាស់ផ្ទះ Brighton សម្រាប់ការប្រកួតបើករដូវកាលថ្មី ទល់នឹងក្រុម Luton Town ដែលពួកគេឈ្នះលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ឡើយ ដោយរូបគេត្រៀមខ្លួន សម្រាប់ការពិនិត្យសុខភាពជាមួយនឹងក្រុម Chelsea។ខ្សែបម្រើ Moises Caicedo បានផ្លាស់ពីក្លិប Independiente del Valle មកចូលរួមជាមួយក្លិប Brighton កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនសរុបចំនួន ៥៣ប្រកួត និងរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ផងដែរ៕