(បារាំង) ៖ ក្លិបអ្នកមានបារាំង Paris Saint-Germain បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបលីគកំពូលអារ៉ាប៊ីសាអូឌីត Al-Hilal លើការផ្ទេរខ្សែប្រយុទ្ធ Neymar Jr. នៅក្នុងតម្លៃប្រហែល៩០លានអឺរ៉ូ ដែលស្មើ ៩៨.៥លានដុល្លារអាមេរិក បូករួមនឹងប្រាក់បន្ថែមផ្សេងទៀត នៅពេលក្រោយ នៅក្នុងកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNN និង The Guardian ចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ ។
យោងតាមប្រភពពី Ekhbariya ដែលជាក្រុមហ៊ុនទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ ថា ក្លិប Al-Hilal បានយល់ព្រមជាផ្លូវការលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកំពូលខ្សែប្រយុទ្អ Neymar ហើយខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ នឹងពាក់លេខអាវ ១០ ជាមួយក្រុមថ្មី។ ប្រភពពី Sky Sports បានរាយការណ៍ថា Neymar នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃចន្ទសប្តាហ៍នេះ មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹង Al-Hilal ហើយនៅទីនោះ Neymar នឹងក្លាយជាមិត្តរួមក្រុមជាមួយកីឡាករ Kalidou Koulibaly, Rúben Neves និង Sergej Milinkovic-Savic ផងដែរ។ ប្រភពពីសារព័ត៌មាន Sky Sports និងបណ្តាសារព័ត៌មានជុំវិញពិភពលោកមួយចំនួនផ្សេងទៀត បានរាយការណ៍ថា Neymar បានយល់ព្រមលើកញ្ចប់ថវិកាថ្លៃពលកម្ម ៣០០លានអឺរ៉ូ សម្រាប់កុងត្រារយៈពេល២ឆ្នាំរបស់ខ្លួនជាមួយ Al-Hilal ច្រើនជាង៦ដងនៃចំនួន ដែលកីឡាកររូបនេះរកបាននៅ PSG។ប្រសិនបើការផ្ទេរនេះ ត្រូវបានបញ្ចប់ជាផ្លូវការ នោះមានន័យថា PSG នឹងទទួលបានមកវិញតិចជាងពាក់កណ្តាល នៃតម្លៃកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ ប្រហែល ២៤៣លានដុល្លារអាមេរិក នៅពេលដែលពួកគេចំណាយលើការនាំយក Neymar ពីក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ ២០១៧ ដែលរហូតមកទល់ពេលនេះ នៅមិនទាន់មានកីឡាកររូបណា បំបែកកំណត់ត្រានេះបាននៅឡើយទេ។គួរបញ្ជាក់ថា Neymar បានផ្លាស់ពីក្លិប Barcelona មកចូលរួមជាមួយនឹង PSG នៅក្នុងកំណត់ត្រាពិភពលោក ២២២លានអឺរូ កាលពីឆ្នាំ ២០១៧។ ខ្សែប្រយុទ្ធកម្ពស់ ១.៧៥ម៉ែត្ររូបនេះ ស៊ុតបញ្ចូលទី ១១៨គ្រាប់ពីការបង្ហាញខ្លួនសរុប ១៧៣ប្រកួតគ្រប់កម្មវិធីទាំងអស់ជាមួយ PSG និងឈ្នះជើងឯក Ligue 1 ៥ដង Coupe de France ៣ដង French League Cup ២ដង និង French Super Cup ៣ដង៕
