(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វា នាល្ងាចថ្ងៃទី២៧មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អុីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ បន្ទាប់ពីខកខានដោយសារវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០ ដល់២០២២។ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានគោរពរាយការណ៍ដោយបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៧ហើយដែលមានបងប្អូនសាសនិកខ្មែរឥស្លាម ៦ពាន់ ១០០នាក់ មកចូលរួម បន្ទាប់ពីសម្ដេចតេជោ បានសម្រេចរៀបចំឲ្យមានកម្មវិធីអាហារស្រាយបួសថ្នាក់ជាតិតាំងពីឆ្នាំ២០១៤ មកដែលជាកម្មវិធីមួយមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាតែត្រូវបានខកខាននៅឆ្នាំ២០២០ ដល់២០២២ ដោយសារវិបត្តិ កូវីដ-១៩។
បន្ទាប់ពីតំណាងអង្គការសហប្រតិបត្តិការឥស្លាមIOC និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បង្ហាញចំណាប់អារម្មណ៍រីករាយដែលបានចូលរួមក្នុងកម្មវិធីស្រាយបួសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងការរំលឹកពីការខិតខំលះបង់ប្រែក្លាយកម្ពុជាពីការបែកបាក់ជាតិដោយសារការល្មោភអំណាចការផ្លាស់ប្ដូររដ្ឋាភិបាលដោយប្រើប្រាស់កម្លាំង ការខ្វះសាមគ្គីភាពផ្ទៃក្នុង សម្តេចលះបង់គ្រប់បែបយ៉ាងបានធ្វើឱ្យមានឯកភាពជាតិតាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដោយឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីជាតិនិងឯកភាពជាតិក្នុងគោលដៅបង្រួបបង្រួមកម្លាំងប្រជាជាតិទាំងមូលជាធ្លាប់មួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ នោះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯងសំដៅស្ដារឡើងវិញនិងរក្សាបាននូវសុខសន្តិភាពជូនប្រជាជនដែលការណ៍នេះ គឺជាបុរេលក្ខខណ្ឌសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ សម្ដេចបានគូសបញ្ជាក់ថាសុខសន្តិភាពដែលយើងខិតខំរកបានយ៉ាងលំបាកកំពុងបានខិតខំថែរក្សាការពារទោះក្នុងតម្លៃណាក៏ដោយហើយសុខសន្តិភាពនេះកំពុងផ្ដល់ផ្លែផ្កាជាច្រើនដល់ប្រជាជនកម្ពុជាគ្រប់រូបរួមទាំងបងប្អូនសាសនិកខ្មែរឥស្លាមផងដែរ។
ជាក់ស្ដែងការណ៍ដែលគេល្បីថាពីមុនកម្ពុជាជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីនដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជាកោះសន្តិភាពនិងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ សម្ដេចបន្តថា កម្ពុជាពីមុនដែលជាប្រទេសអនថយខាងសេដ្ឋកិច្ចគ្របដណ្ដប់ដោយភាពក្រីក្រនិងមានអសន្តិសុខស្បៀង ឥឡូវបានក្លាយទៅជាប្រទេសនាំចេញស្បៀងនិងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។
កម្ពុជាដែលពីមុនជាប្រទេសរងការហ៊ុព័ទ្ធ និងឯកោទាំងខាងនយោបាយនិងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។លើសពីនេះសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាត្រូវបានធានា លើកកម្ពស់ជំនឿនិងសុខដុមនីយកម្មសាសនានៅក្នុងប្រទេសកម្ពុជាតាមរយៈការផ្ដល់លក្ខណៈងាយស្រួលដល់សាសនិកសាសនាគ្រប់រូបក្នុងការប្រតិបត្តិជំនឿសាសនានិងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍និងសាសនា។ជាលទ្ធផល ជម្លោះឬសង្គ្រាមសាសនាពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជានោះឡើយហើយកម្ពុជាត្រូវបានទទួលស្គាល់និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិចំពោះសុខដុមភាព ជំនឿសាសនាដែលកម្ពុជាសម្រេចបានជាមួយនឹងការថែរក្សានូវសុខឧត្តមភាពដ៏ប្រពៃ៕