(ភ្នំពេញ)៖ អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរអំពីសុខដុមភាពសាសនានៅកម្ពុជា នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា សម្ដេចតេជោពិតជាបានគ្រប់គ្រង និងដឹកនាំធ្វើឱ្យមានសុខដុមភាពខាងសាសនាបានយ៉ាងល្អជាទីបំផុត។
នេះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី ប្រធានកាកបាទក្រហមឥណ្ឌូនេស៊ី ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក(CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី ក្នុងពេលដែលឯកឧត្តមត្រូវបានសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨មីនានេះ។ ឯកឧត្តម Jusuf Kalla បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោ ចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជាមកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកនូវសុខដុមបនីយកម្មរវាងសាសនា។
ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ឯកឧត្តមបាននាំសាសនិកអ៊ីស្លាមមកកម្ពុជាចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលឯកឧត្តមបានឃើញកាលពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមដែលបានដឹកនាំសាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។សម្ដេច បានជម្រាបជូនឯកឧត្តម ថាកម្ពុជារៀបចំកម្មវិធីស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនានៅកម្ពុជាគឺមានសុខដុមភាពណាស់ទាំងរវាងសាសនាឥស្លាម សាសនាគ្រឹះ និងសាសនាព្រះពុទ្ធ៕