ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន ស្ដារពី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា អតីតមន្ត្រីជាន់ខ្ពស់សភាចិន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន បានបោះជំហានទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលជាទំនាក់ទំនងគំរូនៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដំណើរដោយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ។
លោកជំទាវកិត្តិសង្គបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនាពេលនេះ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់ណាស់មកហើយតាំងពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ និងបក្សនៃប្រទេសទាំងពីរ ឱ្យក្លាយជាការពិតជាក់ស្តែង។ ក្នុងជំនួបនាពេលនេះឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណង ១) អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងសម្តេចតេជោ និងឯកឧត្តម ស៊ី ជិនពីង ២) ផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផលនៃសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០ ៣) ចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្ស និងរដ្ឋ។
ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគំរូនៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។ លើសពីនេះ លោកជំទាវ ឃួន សុដារី បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវ«គោលការណ៍ចិនតែមួយ» និង«គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ» ហើយចាត់ទុកបញ្ហានៅហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើមគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
លោកជំទាវបានបន្ថែមថា កម្ពុជាតែងតែគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន រួមមាន៖ «គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់-BRI» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល-GDI» «គំនិតផ្តួចផ្តើមសន្តិសុខសកល-GSI» និងថ្មីៗនេះគឺ «គំនិតផ្តួចផ្តើមអរិយធម៌សកល-GCI» ដែលនាំមកនូវស្ថិរភាព និងវិបុលភាពសម្រាប់តំបន់និងពិភពលោក ហើយកម្ពុជាជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើផែនការសកម្មភាពនៃ «សហគមន៍ជោគវាសនារួម»។ ជាងនេះទៅទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជក់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council – ACC) នៅក្នុងក្របខណ្ឌនៃគណបក្សនយោបាយអាស៊ី ដែលនឹងដើរក្លាយជាច្រករបៀងវប្បធម៌ ដើម្បីការតភ្ជាប់អរិយ្យធម៌ចម្រុះ។
លោកជំទាវ ឃួន សុដារី ក៏បានលើកជាសំណើទៅភាគីចិន តាមរយៈឯកឧត្តម ស៊ូ ឈីមីង និងឯកឧត្តម វ៉ាង វិនធាន ដើម្បីគាំទ្រនូវការផ្តួចផ្តើម ក្នុងការបង្កើត «សាលាមេដឹកនាំបណ្ឌិតសភាតេជោ» ដើម្បីជំរុញការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕