(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ នូវចំណុចត្រូវអនុវត្តមួយចំនួនដូចខាងក្រោម៖១) គ្រប់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រកាសលេខ(២១៦ព.ណ.អវឯ.ប្រក) ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលមានអត្ថន័យដូចខាងក្រោម៖
– ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។
– ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានកាអនុញ្ញាត ដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ -ចូលតែមួយរដ្ឋបាលខេត្ត។
– លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាពរយ:ពេល០១ឆ្នាំ។ លិខិតអនុញ្ញាតដែល ហួសសុពលភាព ចាំបាច់ត្រូវសុំការអនុញ្ញាតសារជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
– ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty free shop) ដែលសុំលិខិតអនុញ្ញាត បិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ។
– ការបិទស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាង ក្រោម និងភាសាបរទេសទី៣នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម – ស្ថានីយ/ដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬកន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។
– នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។
បើតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មនេះ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ “សូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ចូលរួមជាមួយគា្ន ដើម្បីដាក់ជាតម្លៃកុំឱ្យពិបាកសួរ”។
ពាក់ព័ន្ធនឹងការប្រកាសនេះ លោកស្រី ជា សិរី ទេសាភិបាលរង នៃធនាគារជាតិកម្ពុជា គាំទ្រចំពោះការដាក់ចេញនេះ។ លោកស្រី បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា«សូមគាំទ្រវិធានការណ៍ ដើម្បីលើកកម្ពស់ប្រាក់រៀល»។
សូមបញ្ជាក់ថា ធនាគារជាតិ បានជំរុញដល់ក្រសួងស្ថាបនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រក្រុមហ៊ុនសហគ្រាសម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន តាមរយៈការទូទាត់ការបិទស្លាកតម្លៃទំនិញ និងសេវាធានាការផ្ដល់តម្លៃឥណទាន និងការសន្សំជាប្រាក់រៀលព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិរបស់យើងទាំងអស់គ្នា៕