(អន្តរជាតិ)៖ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ម្តងទៀត ថ្វីបើមានភាពភ័យខ្លាចថា ទង្វើនេះ អាចបន្ថែមភាពចលាចលផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការដួលរលំធនាគារជាច្រើនក៏ដោយ។ ដោយហៅប្រព័ន្ធធនាគារថា “រឹងមាំ និងធន់”, ធនាគារកណ្តាលអាមេរិក ក៏បានសម្រេចបង្កើនអត្រាការប្រាក់របស់ខ្លួន ០,២៥%។ ប៉ុន្តែពួកគេក៏បានព្រមានផងដែរថា ការដួលរលំរបស់ធនាគារណាមួយ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ធនាគារអាមេរិកចំនួនពីរគឺ Silicon Valley និង Signature Bank បានក្ស័យធនក្នុងខែនេះ ដោយសារហេតុផលចម្បងគឺបណ្តាលមកពីអត្រាការប្រាក់ខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជុំវិញពិភពលោកនិយាយថា គេមិនគិតថា ការដួលរលំនេះ នឹងគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរីករាលដាលនោះទេ ហើយចាំបាច់ត្រូវងាកទៅគិតអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកអតិផរណាឲ្យមកស្ថិតក្រោមការគ្រប់គ្រងវិញ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលអឺរ៉ុប បានដំឡើងអត្រាការប្រាក់សំខាន់របស់ខ្លួនចំនួន ០,៥%។ ស្របពេលជាមួយគ្នានោះ ធនាគារកណ្តាលអង់គ្លេស ក៏គ្រោងធ្វើការសម្រេចចិត្តលើអត្រាការប្រាក់របស់ខ្លួនផងដែរ នៅថ្ងៃសុក្រនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីតួលេខផ្លូវការបង្ហាញថា អតិផរណាក្នុងខែកុម្ភៈបានកើនឡើងយ៉ាងភ្ញាក់ផ្អើលដល់ ១០,៤%៕