(អន្តរជាតិ)៖កាលពីថ្ងៃពុធទី២២ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ថា បានធ្វើតាមបញ្ជារបស់ប្រទេសលោកខាងលិច បន្ទាប់ពីស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។លោក Lavrov និយាយថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិគឺដឹកនាំដោយរដ្ឋអាជ្ញា ដែលជាជនជាតិ Anglo-Saxon ហើយជាការពិត ដូចដែលយើងទាំងអស់គ្នាបានឃើញហើយ តុលាការនេះកំពុងធ្វើតាមបញ្ជាចៅហ្វាយនាយរបស់គេ ដែលហាមឃាត់ស្ថាប័ននេះ មិនឲ្យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសជាសមាជិកណាតូ ហើយប្រើលេសមិនច្បាស់លាស់ ដើម្បីជំរុញរបៀបវារៈសមូហភាពលោកខាងលិច” ។ការចោទប្រកាន់របស់លោក Lavrov ធ្វើឡើងបន្ទាប់ពី ប្រទេសជាង៤០ បានឯកភាពគាំទ្រការស៊ើបអង្កេតរបស់ ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ហើយការចោទប្រកាន់នេះក៏បានកើតឡើងផងដែរ ក្រោយពេលអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមាន ICC ឲ្យឧស្សាហ៍ងើយមើលមេឃផង ប្រយ័ត្នអាវុធនុយក្លេអ៊ែរធ្លាក់លើ។
គួរបញ្ជាក់ជាថ្មី ICC បានចោទប្រកាន់លោកពូទីនកាលពីសប្តាហ៍មុន អំពីតួនាទីនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម ទាក់ទងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា ប្រទេសរុស្ស៊ីនឹងមិនទទួលស្គាល់ដីកា ឬយុត្តាធិការរបស់ ICC ឡើយ៕