(ភ្នំពេញ)៖ ក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ (CI) និងក្រុមហ៊ុនមីតស៊ុយ (Mitsui & Co., Ltd) កំពុងសហការគ្នាអនុវត្តគម្រោងឥណទានកាបូនរួមគ្នា JCM-REDD+ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីការពារនិងអភិរក្សធនធានព្រៃឈើ ពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយភាពរិចរិលព្រៃឈើ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពិសេសក៏រំពឹងលក់ឥណទានកាបូនលើកដំបូងនៅតំបន់នោះ ដើម្បីយកមកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
ការណ៍នេះត្រូវបានបញ្ជាក់ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលត្រូវបានធ្វើឡើងនៅសណ្ឋគារសាន់វ៉េ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ នាឱកាសនោះ លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានរំឭកពីសាវតាឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ (CI) និងក្រុមហ៊ុនជប៉ុន មីតស៊ុយ (Mitsui & Co., Ltd) បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោងអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់ (Prey Lang Forest Conservation Project) ដំណាក់កាលទី១ រយៈពេល៣ឆ្នាំ (២០១៨-២០២១) នៅក្រោមក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា (Join Crediting Mechanism-JCM) ក្នុងនោះមានក្រុមហ៊ុនមីតស៊ូអ៉ិក៏បានវិនិយោគផ្នែកហិរញ្ញវត្ថុរយៈពេលវែង សម្រាប់គាំទ្រដល់ការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ប៉ុន្តែគម្រោងនេះអនុវត្តតែនៅក្នុងខេត្តស្ទឹងត្រែងនៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ទំហំ១២១,៩០៣ហិកតាប៉ុណ្ណោះ។
លោក គឹម ណុង បានបន្តទៀតថា ដោយឃើញថា នៅជំហានទី១មិនទាន់ទូលំទូលាយ ទើបនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រសួងបរិស្ថាន ក្រុមហ៊ុនមីតស៊ុយ និងអង្គការអភិរក្សអន្តជាតិបានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីអនុវត្តជំហានទី២នៃគម្រោង JCM-REDD+ ដើម្បីពង្រីកគម្រោងការអនុវត្តគ្របដណ្ដប់លើខេត្តទាំង៤ រួមមានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ ជំហានទី២នៃគម្រោង JCM-REDD+ នេះមានរយៈពេល៦ឆ្នាំ (២០២១-២០២៦)។ ការវិនិយោគហិរញ្ញប្បទានរបស់ក្រុមហ៊ុនមីតស៊ូអ៉ិ គឺគាំទ្រដោយផ្ទាល់ដល់ការអភិវឌ្ឍ និងការអនុវត្តគម្រោងរេដបូក ដោយថវិកាមួយភាគធំ គឺគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ ប្រធានប្រចាំតំបន់នៃអង្គការអភិរក្សអន្តរជាតិ (CI) លោក អ៊ុំ សូនី បានឱ្យដឹងថា ការអនុវត្តគម្រោង REDD+ (រ៉េដបូក) ជំហានទី២នេះ មានគោលបំណងធ្វើយ៉ាងណាចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយការរិចរិលព្រៃឈើ ពិសេសព្រៃឈរដែលមានស្រាប់។
លោកថា «នៅពេលគម្រោងអនុវត្តបាននូវចក្ខុវិស័យធំៗទាំង២ខាងលើនេះហើយ នោះកម្ពុជានឹងអាចវាយតម្លៃលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនជប៉ុន មីតស៊ុយ (Mitsui & Co., Ltd) បាន»។ ប្រធានប្រចាំតំបន់អង្គការ CI បានបញ្ជាក់ថា គម្រោងនេះគឺធ្វើសកម្មភាពរួមគ្នាទៅលើ៖ ទី១. អនុវត្តការពង្រឹងការអនុវត្តច្បាប់ ការកសាងសមត្ថភាពលើការអភិរក្សសត្វព្រៃ ការជំរុញមន្ត្រីបរិស្ថានថ្នាក់ជាតិ-ថ្នាក់ខេត្តក្នុងការចុះអនុវត្តច្បាប់ដោយផ្ទាល់ កាត់បន្ថយផលប៉ះពាល់ដល់ធនធានធម្មជាតិ, និងទី២. ផ្ដោតលើការសិក្សាស្រាវជ្រាវអំពីជីវចម្រុះ ធនធានធម្មជាតិ និងកសាងសមត្ថភាពដល់អ្នកស្រាវជ្រាវមូលដ្ឋាន ដែលមានកិច្ចសហការជាមួយក្រសួង-មន្ទីរបរិស្ថាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធនៅតំបន់ព្រៃឡង់នោះ។ ក្រុមការងារក៏បានបណ្ដុះបណ្ដាលដល់អ្នកស្រាវជ្រាវមូលដ្ឋានអំពីជីវចម្រុះ សក្ដានុពលប្រព័ន្ធអេកូឡូស៉ី សត្វកម្រដែលមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។ ក្រៅពីនេះ ក៏បានផ្សព្វផ្សាយ អប់រំទៅដល់សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិចឱ្យយល់ដឹងអំពីការគ្រប់គ្រងកញ្ចប់ថវិកាអភិវឌ្ឍសហគមន៍មូលដ្ឋាន ក៏ដូចជាការលើកស្ទួយជីវភាពរស់នៅ។
លោក អ៊ុំ សូនី បានថ្លែងយ៉ាងដូច្នេះថា «យើងអនុវត្តចប់រួចមកហើយនូវគម្រោងជំហានទី១ ប៉ុន្តែមិនទាន់អាចលក់ឥណទានកាបូននៅឡើយទេ ដូច្នេះហើយទើបយើងអនុវត្តនៅជំហានទី២នេះទៀត ហើយយើងកំពុងស្ថិតនៅក្នុងការផ្ទៀងផ្ទាត់ពីសំណាក់ក្រុមហ៊ុនឯករាជ្យមួយផ្សេងទៀតថា តើឥណទានកាបូនដែលយើងអាចថែរក្សាបានពីការអនុវត្តគម្រោងហ្នឹងមានទំហំប៉ុន្មាន ទំហំប៉ុណ្ណឹងត្រឹមត្រូវដែរឬអត់ ទិន្នន័យនោះជឿជាក់បានឬអត់ ទើបអាចពិភាក្សាជាមួយគណៈកម្មការរបស់ JCM-REDD+ ដើម្បីពិនិត្យលទ្ធផលនោះ មុននឹងដាក់លក់ទៅឱ្យក្រុមហ៊ុនមីតស៊ុយ»។ បើតាមលោករដ្ឋលេខាធិការ សៅ សុភាព ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅលើទំហំផ្ទៃដី៤៣១,៦៨៣ហិកតា គ្របដណ្តប់លើខេត្តចំនួន៤ គឺខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ លោករដ្ឋលេខាធិការបានបន្តថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺជាព្រៃវាលទំនាបត្រូពិចចុងក្រោយ និងធំជាងគេបំផុតក្នុងចំណោមព្រៃទំនាបនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ការផ្ទុកកាបូនពីបរិយាកាស និងចូលរួមចំណែកក្នុងការស្រូបយកទឹកជំនន់ទន្លេមេគង្គ៕