(អន្តរជាតិ)៖អង្គការសុខភាពពិភពលោក (WHO) ព្រមានថា កត្តានានារួមទាំងវិបត្តិសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ បានជំរុញឲ្យជំងឺអាសន្នរោគ រីកដុះដាលនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់។ ការព្រមានរបស់ WHO កើតឡើង បន្ទាប់ពីបានរកឃើញករណីកាន់តែច្រើននៃជំងឺនេះ នៅក្នុងប្រទេសយ៉ាងតិច២៩។
WHO និយាយថា ទំហំនៃការផ្ទុះជំងឺផ្សេងៗ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេលច្រើនឆ្នាំមកហើយ។ នៅចន្លោះខែមករាដល់ខែតុលាឆ្នាំមុន ប្រទេសចំនួន២៩បានរាយការណ៍ពីករណីនៃជំងឺនេះ បើប្រៀបធៀបទៅនឹង២៣ប្រទេសនៅឆ្នាំមុននោះ ហើយករណីនឹងកើនឡើងជាបន្តទៀតក្នុងឆ្នាំ២០២៣នេះ។ លោក Philippe Barboza ប្រធានអង្គភាពឆ្លើយតបជំងឺអាសន្នរោគរបស់ WHO បានប្រាប់កាសែត The Telegraph ថា “ចំនួនប្រទេសដែលមានការផ្ទុះឡើងទ្រង់ទ្រាយធំទាំងនេះ គឺកើតឡើងក្នុងពេលតែមួយ ដែលយើងមិនធ្លាប់ឃើញសោះក្នុងរយៈពេលយ៉ាងតិច២០ឆ្នាំមកនេះ”។លោកបន្ថែមថា “ការផ្ទុះធំៗភាគច្រើនដែលយើងកំពុងឃើញ គឺត្រូវបានជំរុញដោយព្រឹត្តិការណ៍អាកាសធាតុធំៗមិនធម្មតា”។ លោកបន្ថែមថា បណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងមានហានិភ័យជាពិសេស ស្របពេលប្រទេសទាំងនោះ ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនិងព្យុះស៊ីក្លូន៣ឆ្នាំជាប់ៗគ្នាដែលបង្កដោយបាតុភូតអាកាសធាតុ La Nina”។
នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីឆ្នាំមុនថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជំរុញឲ្យមានផលប៉ះពាល់នៃជំងឺអាសន្នរោគ។កាលពីឆ្នាំមុន ប្រទេសស៊ីរី បានប្រកាសពីការផ្ទុះឡើងនៃជំងឺនេះ ជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ខណៈស្ថានភាពកាន់តែអាក្រក់ឡើងៗ បន្ទាប់ពីការរញ្ជួយដីកាលពីខែមុន។ ប្រទេសលីបង់ ក៏កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំផងដែរ ខណៈប្រទេសព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ចំពេលមានការដួលរលំសេដ្ឋកិច្ច។ អាសន្នរោគ គឺជាជំងឺធ្ងន់ធ្ងរដែលឆ្លងតាមរយៈការទទួលទានអាហារ ឬទឹកដែលមានមេរោគ។ វាអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើមិនបានព្យាបាល។ តួលេខពី WHO បញ្ជាក់ថា មនុស្សប្រហែល១៤៣០០០នាក់ បានស្លាប់ដោយសារជំងឺនេះនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ៕